សមាជិកសភា CPP ស្នើកែច្បាប់ដើម្បីផ្តល់សិទ្ធិឲ្យអតីតមន្ត្រី CNRP ធ្វើនយោវិញ

0
30

សមាជិកសភាពរបស់គណបក្សប្រជាជនជិត៩០រូប ស្នើធ្វើវិសោធនកម្មចំណុច មួយចំនួននៃច្បាប់ស្តីពីគណបក្ស នយោបាយដើម្បីផ្តល់សិទ្ធិដល់អតីតថ្នាក់ ដឹកនាំគណបក្សសង្គ្រោះជាតិមានសិទ្ធិធ្វើនយោបាយវិញ។​

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាដែលចេញផ្សាយនៅម្សិលមិញគឺ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៨៧រូបបានស្នើ ធ្វើវិសោធនកម្មមាត្រា៤៤ថ្មី(ស្ទូន)នៃច្បាប់ស្តីពីគណបក្សនយោបាយ។​

សេចក្តីជូនដំណឹង​ថ្លែងថា៖ «  បុគ្គលដែលត្រូវតុលាការ សម្រេចហាមឃាត់ ការធ្វើសកម្មភាព នយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាកំពូលឬ ក្នុងករណី ដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទា ឡើងវិញដោយព្រះមហាក្សត្រតាម សំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។»

ម្សិលមិញនោះដែរ ក្រសួងការបរទេសក៏បានចេញសេចក្តីថ្លែងការណ៍ស្តីពីការ បើកលំហសេរីភាព គណបក្សនយោបាយ  សារព័ត៌មាន  អង្គការសង្គមស៊ីវិល និងសហជីព។​

ក្រសួងការបរទេសបាននិយាយក្នុងសេចក្តីថ្លែងការណ៏ថា៖«ដើម្បីលើកកំពស់លិទ្ធិប្រជាធិប តេយ្យនិងនីតិរដ្ឋមន្ថែមទៀត រដ្ឋសភាជាតិកម្ពុជាកំពុងសិក្សាពិនិត្យបញ្ញាតិ្តច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតអោយបុគ្គលដែលជាប់បម្រាមសកម្មភាពនយោបាយ អាចចាប់ផ្តើមសកម្មភាពនយោបាយខ្លួនឡើងវិញ។”

គណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីឆ្នាំមុនដោយតុលាការកំពូលតាមសំណើររបស់ រដ្ឋាភិបាល។ សេចក្តីសម្រេចរបស់តុលាការក៏បានបញ្ជាឱ្យមានការហាមឃាត់ផ្នែកនយោបាយ រយៈពេល៥ឆ្នាំផងដែរសម្រាប់សមាជិកជាន់ខ្ពស់CNRP ចំនួន១១៨នាក់។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក្រសួងការបរទេសក៏បាននិយាយថារដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់សេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិ ហើយវិទ្យុអាស៊ីសេរីនិងវីអូអេ ក៏អាចបើកការិយាល័យរបស់ខ្លួននៅកម្ពុជាឡើងវិញបាន។

ក្រសួងបានអះអាងថា៖« វិទ្យុអាស៊ីសេរីនិងវិទ្យុសម្លេងអាមេរិកបានផ្តួចផ្តើមគំនិតបិទការិយាល័យតំណាងដោយខ្លួនឯង។ ដូច្នេះ ស្ថានីយ៍វិទ្យុទាំងពីរក៏មានសេរីភាពបើកការិយាល័យខ្លួននៅកម្ពុជាឡើងវិញបានដែរ។»

វិទ្យុអាស៊ីសេរីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានបិទការិយាល័យរបស់ខ្លួននៅ រាជធានីភ្នំពេញកាលពីខែកញ្ញាឆ្នាំមុនដោយបានត្អូញត្អែរអំពីការបង្ក្រាបដោយឥតឈប់ឈរមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ចំពោះករណីកាសែតឌឹខេមបូឌាដេលី ដែលបានសម្រេចបិទការបោះពុម្ពផ្សាយបន្ទាប់ពីត្រូវបានបញ្ជាឱ្យបង់ប្រាក់ពន្ធរាប់លានដុល្លារ ក៏អាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញបានដែរ បើបង់ពន្ធរួចរួចសិន។

ក្រសួងបាននិយាយថា ឌឹខេមបូឌាដេលី៖« បានសម្រេចបិទការបោះពុម្ពផ្សាយដោយខ្លួនឯង ព្រោះគេចវេសមិនបំពេញកាតព្វកិច្ចពន្ធដារស្របតាមច្បាប់ពន្ធដារកម្ពុជា។ ក្នុងករណីដោះស្រាយបំណុលពន្ធដាររួចរាល់ហើយ ព្រឹត្តិប័ត្រព័ត៌មាននេះអាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញ។»

ឌឹខេមបូឌាដេលីកន្លងមកធ្លាប់បាននិយាយថាចំនួនពន្ធ៦,៣ លានដុល្លារសំរាប់រយពេល១០ឆ្នាំគឺមានទំហំធំពេកហើយថាមិនមានតម្លាភាពទាក់ទងនឹងការទូទាត់ពន្ធមកលើខ្លួន។ សារព័ត៌មានឌឹខេមបូឌាដេលីដែលត្រូវបានគេស្គាល់ថាជាអ្នករាយការណ៍ព័ត៌មានសំខាន់ៗដូចជាអពីអំពើពុករលួយ សិទ្ធិមនុស្សនិងបរិស្ថាន។ សេចក្តីថ្លែងការណ៏របស់ក្រសួងបានធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបនៅខែវិច្ឆិកាបានចាប់ផ្ដើមនីតិវិធីផ្លូវការដើម្បីដកហូតការលើកលែងកាតព្វកិច្ចពន្ធ(EBA)លើទំនិញកម្ពុជាទៅអឺរ៉ុប។ ប្រភព៖ VOD