រាជរដ្ឋាភិបាលកម្ពុជាចេញវិធានការក្តៅ! ដើម្បីរៀបចំ​ក្រុង​ព្រះសីហនុ​ឲ្យ​បានស្អាត​ និង​មានរបៀបឡើង​វិញ

0
245

ដើម្បី​កែប្រែ​បរិស្ថាន​តាមឆ្នេរ​និង​ក្រុង​ព្រះសីហនុ ទីស្តីការគណៈរដ្ឋមន្រ្តីបាន​ចេញ​លិខិត​ស្តី​ពី​ការ​ចុះ​ត្រួតពិនិត្យ​និង​សិក្សា ដើម្បី​រៀបចំកែច្នៃលម្អស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់​តម្លើងស្ថានីយ៍បូមទឹកកខ្វក់ ដោះស្រាយសំរាមតាមឆ្នេរនិង​តាមកាដ្ឋានសំណង់ កែលម្អប្រព័ន្ធលូ បណ្តាញផ្លូវ និង​គ្រប់គ្រងការដ្ឋានសំណង់ក្នុង​ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជាយល់ស្របតាមគោលការណ៍ ៥ ចំណុច។

ទីមួយ រៀបចំកែលម្អ និងពង្រីកបន្ថែមសមត្ថភាពស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ និង​ទឹកលាងសម្អាតភក់ក្រុងព្រះសីហនុ នៅ​លើផ្ទៃដីទំហំ ១៦ ហិកតា ដើម្បី​បង្កើនសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ពី ៥ ៧០០ ម៉ែត្រគូបក្នុង​មួយថ្ងៃ ឲ្យ​កើនដល់ ២៥ ០០០ ម៉ែត្រ​គូបក្នុង​មួយថ្ងៃ ដោយ​បំពាក់ប្រព័ន្ធម៉ាស៊ីនមេកានិកស្វ័យប្រវត្តិបន្ថែម។ ក្រសួងសាធារណការ និងដឹកជញ្ជូនទទួលធ្វើផែនការ និងអនុវត្តក្នុង​រយៈពេលពី ៣ ទៅ ៥ ខែ។

ទីពីរ គណៈកម្មាធិការជាតិគ្រប់គ្រង និង​អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន និង​អាជ្ញាធរខេត្តព្រះសីហនុ រៀបចំស្ថានីយ៍បូមបង្វែរទឹកកខ្វក់កុំ​ឲ្យ​ហូរចូលក្នុង​សមុទ្រ​ចំនួន ៤ ទីតាំង ដែល​ទីតាំង​ទី១ នៅឆ្នេរឯករាជ្យ ទីតាំងទី ២ នៅអូរសម្អាត ទីតាំងទី ៣ នៅឆ្នេរសុខា និងទីតាំង​ទី ៤ នៅឆ្នេរអូរឈើទាល ដើម្បី​បូមបង្វែរទឹកកខ្វក់ទាំងអស់ពីទីតាំង​ទាំងនេះបញ្ជូនទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ដែលក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំដោយ​មិន​ឲ្យ​ហូរចូល​សមុទ្រវិញទៀត។ ថវិកានេះ ជាចលនាពីឯកជន ដែលជាម្ចាស់សណ្ឋាគារខ្នាតធំចូលរួមចំណែក។ អនុញ្ញាតជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង​ជា​ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំប្រជុំជាមួយម្ចាស់សណ្ឋាគារ ដោយ​មានការចូលរួម ពីឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ និ​ងឯកឧត្តមអភិបាល យន្ត មីន នៅក្នុង​ខេត្តព្រះសីហនុ។

ទីបី ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ និង​ភ្លើងបំភ្លឺជាសារធារណៈ អនុវត្តតាមផែនការរដ្ឋ ឯកជនចូលរួមនៅតំបន់ដែល​មាន​សណ្ឋាគារធំៗ ដើម្បី​សម្រាលបន្ទុកចំណាយថវិការបស់រដ្ឋ ហើយក៏ជាសោភ័ណភាពរបស់សណ្ឋាគារក្នុង​ការធ្វើអាជីវកម្មផងដែរ។

ទីបួន គណៈកម្មាធិការជាតិគ្រប់គ្រង និង​អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បាន​ឧបត្ថម្ភម៉ាស៊ីនសម្អាតឆ្នេរសមុទ្រដែល​មាន​សមត្ថភាពផ្ទុកសំរាមទំហ ១,៥០ ម៉ែត្រគូប ក្នុង​នោះ ២ គ្រឿងសម្រាប់ខេត្តព្រះសីហនុ និង​១គ្រឿងទៀតសម្រាប់ខេត្តកែប និងកំពត ដែលគ្រោងនឹង​ប្រគល់ជូនក្នុងរយៈពេល១០ សប្តាហ៍ខាង​មុខ ដើម្បី​ដំណើរការសម្អាតឆ្នេរសមុទ្រជា​ប្រចាំ។

ទីប្រាំ គ្រប់គ្រងសណ្ឋាគារ ភោជីយដ្ឋាន និងសំណង់ទាំងអស់ ត្រូវ​រៀបចំឲ្យ​មាន​អាងប្រព្រឹត្តកម្មទឹកកខ្វក់​មុន​នឹង​បង្ហូរចូល​ទៅលូសាធារណៈ។ រាល់ការដ្ឋានសំណង់ អគារគ្រប់ប្រភេទ ត្រូវ​ធ្វើរបងហ៊ុំព័ទ្ធការដ្ឋានកម្ពស់យ៉ាងតិច ២ ម៉ែត្រ ដោយ​រៀបចំជើងរបងអពីបេតុងកម្ពស់យ៉ាងតិច ៨០សង់ទីម៉ែត្រ ដើម្បីកុំឲ្យដី សំណល់រឹងរាវ ហៀរចេញពីការដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ឆ្នេរសមុទ្រ ព្រែក អូរ បឹង និងទីសាធារណៈ ក្នុង​គោលបំណងធានាសុត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ  សោភ័ណភាពនិងបរិស្ថាន៕