មិននឹកស្មានថា ពីមនុស្សស្រីធម្មតាម្នាក់ ប្រែក្លាយជាចារនារីដ៏ពិសពុល ដើររាយអន្ទាក់ស្នេហ៍ សម្លាប់មនុស្សរាប់ម៉ឺននាក់

0
952

Mata Hari គឺជា​អ្នករបាំ​អាជីព​ម្នាក់ និង​ បាន​ក្លាយជា​ចារនារី​របស់​អាល្លឺម៉ង់ នា​កំឡុង​សង្គ្រាមលោកលើកទី ១ ហើយ​ទីបំផុត​នាង​ត្រូវបាន​បាញ់ប្រហារ​ជីវិត ​ដោយ​កាំភ្លើង​នៅ​ប្រទេស​បារាំង ។

Mata Hari មានឈ្មោះ​កំណើត​ថា Margaretha Geertruida Zelle កើត​នៅ​ទីក្រុង Leeuwarden ប្រទេស​ហូ​ឡង់ នា​ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ១៨៧៦ ។ នាង​គឺជា​កូនច្បង​ក្នុងចំណោម​កូន​បួន​នាក់​របស់លោក Adam Zelle និង​លោកស្រី​Antje van der Meulen ។ ឪពុក​របស់ Mata Hari ជា​ម្ចាស់​ហាង​មួក​មួយកន្លែង បន្ទាប់មក​បាន​វិនិយោគ​ដ៏​ជោគជ័យ​នៅក្នុង​ឧស្សាហកម្ម​ប្រេង ហើយ​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្ដិ​គ្រប់គ្រាន់​ដើម្បី​ផ្តល់ឱ្យ​នាង បាន​ចូលរៀន​នៅ​វ័យ​ក្មេងខ្ចី​បំផុត រហូតដល់​អាយុ ១៣​ឆ្នាំ ។

មិនយូរប៉ុន្មាន​ឪពុក​របស់ Mata Hari បាន​ក្ស័យធន នៅ​ឆ្នាំ ១៨៨៩ ហើយ​ម្ដាយ​ឪពុក​របស់​នាង​ក៏បាន​លែងលះគ្នា បន្ទាប់មក​ម្ដាយ​របស់​នាង​គឺ​លោកស្រី Antje van der Meulen ក៏បាន​លាចាក​លោក ។  ​នៅ​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ១៨៩១ ឪពុក​របស់ Mata Hari បាន​រៀបការ​ជាមួយ​ប្រពន្ធ​ទី​ពីរ​ឈ្មោះ Susanna Catharina ten Hoove នៅ​ទីក្រុង Amsterdam ។ ក្រោយមក​គ្រួសារ​របស់ Mata Hari ធ្លាក់​ដុនដាប​កាន់តែខ្លាំង ដែល​បាន​បង្ខំចិត្ត​ឱ្យ​នាង​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ នៅផ្ទះ​ឪពុកធម៌​របស់​នាង​ឈ្មោះ​លោក Visser នៅ​ខេត្ត Sneek ។ គ្រានោះ នាង​បាន​សិក្សា​ពី​របៀប​ក្លាយជា​គ្រូបង្រៀន​ថ្នាក់​ម​ត្តេ​យ្យ នៅ Leiden ប៉ុន្តែ​នាង​ក៏ត្រូវ​បាន​នាយក​សាលា​ព្យាយាម​ចែចង់ ទើប​គេ​ដក​នាង​ចេញពី​ស្ថាប័ន​តែម្ដង ហើយ​ប៉ុន្មាន​ខែក្រោយ​មក នាង​ក៏បាន​ផ្លាស់​ទីលំនៅ​ម្ដងទៀត ដោយ​ទៅ​រស់នៅ​ជាមួយ​ឪពុកមា​នៅ​ទីក្រុង Hague ។​

Mata Hari បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ Rudolf John MacLeod (​កូនប្រុស​មេ​ប​ញ្ជេ​ការ John Brienen MacLeod) នៅ​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ១៨៩៥ ។ បន្ទាប់ពី​រៀបការ​រួច នៅ​ខែឧសភា ឆ្នាំ ១៨៩៧ ទាំងពី​នាក់​ប្ដី​ប្រពន្ធ ត្រូវបាន​គេ​ជំរុញ​ឱ្យទៅ​រស់នៅ នៅ Malang ភាគ​ខាងកើត​កោះ Java ហើយ​នៅ​ឆ្នាំ​ជាមួយគ្នា​នោះ Mata Hari កើត​បានកូន​ម្នាក់​ឈ្មោះ Norman-John MacLeod និង​នៅ​ឆ្នាំ ១៨៩៨ កើត​បានកូន​ម្នាក់ទៀត​ឈ្មោះ Louise Jeanne MacLeod ។ ​ការរស់នៅ នៅ Malang នាង Mata Hari តែងតែ​រង​នូវ​ការ​វាយ​ធ្វើបាប​ពី​សំណាក់​ប្ដី​របស់​នាង គ្រប់​ពេលដែល​គេ​ស្រវឹង ដែល​កាលនោះ Mata Hari មាន​អាយុ​ត្រឹម ២០​ឆ្នាំ​ប៉ុណ្ណោះ ។ ដោយសារតែ​លំបាក​ខ្លាំងពេក Mata Hari បានសម្រេច​ចិត្ត​ចាក​ចេញពី​ប្ដី បណ្ដោះអាសន្ន ដោយ​ទៅ​រស់នៅ​ជាមួយ​មន្ត្រី​ហូ​ឡង់​ម្នាក់ទៀត​ឈ្មោះ Van Rheedes ។ គ្រានោះ​នាង​បាន​សិក្សា​ប្រពៃណី​ឥណ្ឌូនេស៊ី​យ៉ាង​ល្អិតល្អន់ អស់​រយៈពេល​ជាច្រើន​ខែ ហើយ​ថែមទាំង​បាន​ចូលរួម​ជាមួយ​ក្រុម​រាំ​របាំ​ក្នុង​តំបន់​ទៀតផង ។ យ៉ាងណាមិញ Mata Hari ក៏បាន​វិលត្រឡប់​ទៅរក​ប្ដី​វិញ​ដែរ ប៉ុន្តែ​ចា​រិត​របស់លោក Rudolf John MacLeod មិនបាន​ផ្លាស់ប្ដូរ​ទាល់តែសោះ ហើយ​រឿង​មួយទៀត​ដែល​កាន់តែ​យ៉ាប់​នោះ គឺ​នៅ​ឆ្នាំ ១៨៩៩ ស្រាប់តែ​កូន​ទាំងពីរ​របស់​នាង​បាន​ឆ្លង​ជំងឺ​កាច​សាហាវ​ម្យ៉ាង ប៉ុន្តែ​មាន​ប្រភព​ខ្លះ​បាន​និយាយថា កូនៗ​របស់​នាង​ត្រូវ​ថ្នាំពុល​របស់​អ្នកបំរើ ឯ​ប្រភព​ខ្លះទៀត​និយាយថា ត្រូវ​ថ្នាំពុល​របស់​សត្រូវ​ដែល​បង្កប់ខ្លួន​ក្នុង​កម្មវិធី​ជប់លៀង ។ ក្នុង​កាលៈទេសៈ​នោះ បានធ្វើឱ្យ​កូន​របស់ Mata Hari ស្លាប់​ម្នាក់​គឺ Norman-John MacLeod ចំណែក Louise Jeanne MacLeod បាន​សង្គ្រោះ​ទាន់ពេល ។

​បន្ទាប់ពី​បាន​ត្រលប់​ទៅ​ប្រទេស​ហូ​ឡង់​វិញ ប្តី​ប្រពន្ធ​នេះ​បាន​ចែកផ្លូវ​គ្នា នៅ​ថ្ងៃទី ៣០ ខែសីហា​ឆ្នាំ ១៩០២ និង​ចប់​ដាច់ស្រេច​នៅ​ឆ្នាំ ១៩០៦ ដោយ​កូន​បាន​ទៅលើ Mata Hari ចំណែក​លោក Rudolf John MacLeod តម្រូវឱ្យ​បង់ប្រាក់​តាមផ្លូវ​ច្បាប់ ដែល​កន្លងមក​ធ្វើឱ្យ​ប្រពន្ធ និង​កូន​លំបាក​វេទនា ។  ​ក្រោយមក​កូន​តែ​ម្នាក់​របស់ Mata Hari គឺ Louise Jeanne MacLeod ត្រូវបាន​អតីត​ប្ដី​ដណ្ដើមយក​ទៅវិញ ខណៈដែល​គេ​ទៅលេង​ជីតា​របស់គេ (​ឪពុក​របស់លោក Rudolf John MacLeod ) ហើយ​ស្របពេល​ជាមួយ Mata Hari គ្មាន​ធនធាន​អ្វី​នឹង​ប្ដឹង​តបត​ផង​នោះ នាង​ក៏​បណ្ដោយឱ្យ​កូន​រស់នៅ​ជាមួយ​ឪពុក​គេ ដោយ​សង្ឃឹមថា គេ​នឹង​ថែកូន ប៉ុន្តែ​ក្រោយមក​ពេលដែល Louise Jeanne MacLeod បាន​អាយុ ២១​ឆ្នាំ គេ​ក៏​ស្លាប់​ដែល​សង្ស័យថា​កើត​ជំងឺស្វាយ ។ ​នៅ​ឆ្នាំ ១៩០៣ Mata Hari បាន​ផ្លាស់​ទៅ​រស់នៅក្នុង​ទីក្រុង​ប៉ារីស ដែល​ពេលនោះ​នាង​បាន​ចាប់​អាជីព​ជា​នារី​របាំ​ដើម្បី​ចិញ្ចឹមជីវិត រហូតដល់​ឆ្នាំ ១៩០៥ កេរ្តិ៍ឈ្មោះ​របស់​នាង​ចាប់ផ្ដើម​ល្បីល្បាញ ជានា​រី​បាំ​ដ៏​កម្រ រហូត​គេ​ហៅ​ឈ្មោះ​នាង​ថា​ព្រះ​នាងទៀតផង ។

​នៅ​ឆ្នាំ ១៩១២ កេរ្តិ៍ឈ្មោះ​របស់​នាង​ចាប់ផ្ដើម​ធ្លាក់ចុះ ប៉ុន្តែ​ទោះជា​យ៉ាងណា ដោយសារតែ​សម្រស់ និង​ភាព​សិច​ស៊ី​របស់​នាង នាង​ក៏មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មន្ត្រីជាន់ខ្ពស់ អ្នកនយោបាយ និង​អ្នកមានអំណាច​ជាច្រើន​នាក់​នៅក្នុង​ប្រទេស ដែល​សកម្មភាព​នេះ​នៅមុខ​សង្គ្រាម នាង​ត្រូវបាន​ជាប់​ឈ្មោះ​ជា​អ្នកសិល្បៈ​ឥត​កេរ្តិ៍ខ្មាស់ ស្មើនឹង​ពេស្យាចារ ប៉ុន្តែ​ពេលដែល​សង្គ្រាមលោកលើកទី​១ ចូល​មកដល់​ភ្លាម នាង​ត្រូវបាន​គេ​ចាត់ទុកជា​មនុស្ស​ស្រី​ដែល​ពិសពុល និង​គួរឱ្យខ្លាច​បំផុត ។ មានរឿង​រ៉ាវ​ចម្រូងចម្រាស់​ជាច្រើន​សម្រាប់ Mata Hari នៅក្នុង​សង្គ្រាមលោកលើកទី​១ ដែល​នាង​បាន​ដើរ​រាយមន្ត​ស្នេហ៍​របស់​នាង​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ សម្លាប់​មនុស្ស​ជាច្រើន​នាក់ ដោយ​ការ​លួងលោម​សួរ​ពី​អាថ៌កំបាំង និង​បញ្ចេញ​អាថ៌កំបាំង​ទាំងនោះ ហើយ​នៅ​ឆ្នាំ ១៩១៦ នាង​បាន​ហែក​អាថ៌កំបាំង​របស់​បារាំង ឱ្យ​អាល្លឺម៉ង់​ដឹង ដើម្បី​ជា​ថ្នូ​ជាមួយ​លុយ​ជាច្រើន តែមាន​ប្រភព​ខ្លះ​ថា ជា​ថ្នូ​ដើម្បី​មានឱកាស​បាន​ជួប​បង្កើត​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​ព្រះអង្គម្ចាស់ Wilhelm ។ Mata Hari បាន​រៀបរាប់​ឈ្មោះ អ្នកនយោបាយ និង​មន្ត្រី​ធំៗ​របស់​បារាំង ដែល​ធ្លាប់មាន​មេត្រី​ស្នេហ៍​ជាមួយ​នាង ឱ្យ​លោក Walter Nicolai ប្រធាន IC របស់​ទាហាន​អាល្លឺម៉ង់​បានដឹង ដូចនេះ​នាង​ត្រូវបាន​គេ​បញ្ជូន​ឱ្យទៅ​ប្រទេស​បារាំង ដើម្បី​ធ្វើជា​ចារនារី ។

​សូមបញ្ជាក់ថា អាថ៌កំបាំង​របស់​នាង Mata Hari ត្រូវបាន​គេ​សង្ស័យ និង​បាន​ចាប់ខ្លួន​នៅក្នុង​សណ្ឋាគារ Elysée Palace ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ១៩១៧ រហូតដល់​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​ដដែល នាង​ត្រូវបាន​គេ​កាត់ទោស​ប្រហារជីវិត​ពីបទ​ធ្វើ​ចារកម្ម​ឱ្យ​អាល្លឺម៉ង ហើយបាន​ធ្វើឱ្យ​ទាហាន​បាំ​រាំង​ចំនួន ៥​ ម៉ឺន​នាក់​ស្លាប់ ៕

ប្រភព៖ Popular