គួរតែអាន! រឿងអ្នកប្រាជ្ញទាំង ៥ សម្រាប់បំផុសគំនិត សិស្ស និស្សិត

0
479

អ្នកប្រាជ្ញ ៥នាក់បានវង្វេងផ្លូវនៅក្នុងព្រៃមួយ ពួកគេត្រូវរកផ្លូវចេញពីព្រៃធំនោះ។

អ្នកទី១ បាននិយាយថា៖ ខ្ញុំទៅឆ្វេង – វិចារណញាណរបស់ខ្ញុំបានប្រាប់ខ្ញុំថាចឹង។

អ្នកទី២ បាននិយាយថា៖ ខ្ញុំទៅខាងស្ដាំ – ដោយសារពាក្យ “ស្ដាំ (right)” មកពីពាក្យ “ត្រឹមត្រូវ (rightness)” ។

អ្នកទី៣ បាននិយាយថា៖ ចំណែកខ្ញុំត្រឡប់ទៅក្រោយវិញហើយ – យើងមកពីទីណាមានន័យថាផ្លូវចេញពីព្រៃគឺនៅនោះដែរ។

អ្នកទី៤ បាននិយាយថា៖ ខ្ញុំវិញទៅមុខត្រង់ហើយ – យើងគួរតែឆ្ពោះទៅមុខជានិច្ច, គង់តែដើរផុតព្រៃទេ ហើយយើងនឹងបានជួបនូវអ្វីដែលថ្មីៗ។

អ្នកទី៥ បាននិយាយថា៖ អ្នកទាំងអស់គ្នាគិតខុសទាំងអស់។ យើងមានដំណោះស្រាយដែលល្អជាងនេះ។ ចាំ​ខ្ញុំបន្តិច។

គាត់បានឃើញដើមឈើដែលធំ និងខ្ពស់ជាងគេមួយ ហើយក៏បានឡើង។ ខណៈពេលដែលគាត់កំពុងតែឡើងអ្នកដទៃផ្សេងទៀតក៏បែកខ្ញែកគ្នាឆ្ពោះទៅតាមទិសដៅរបស់គេរៀងៗខ្លួន។

មើលពីលើដើមឈើអ្នកទី៥គាត់បានឃើញផ្លូវដែលពួកគេគួរតែទៅដើម្បីចាកចេញពីព្រៃធំនេះលឿន ហើយឥឡូវនេះគាត់ក៏អាចមើលឃើញផ្លូវដែលពួកអ្នកប្រាជ្ញផ្សេងទៀតជ្រើសរើសដើម្បីចេញពីព្រៃផងដែរ។

គាត់ក៏បានឡើងខ្ពស់ជាងមុន ហើយបានឃើញផ្លូវចេញដែលជិតបំផុត។ គាត់ដឹងថាពេលនេះអ្វីដែលគាត់បានធ្វើគឺត្រឹមត្រូវ ដោយសារការស្គាល់ច្បាស់ពីបញ្ហា និងបានរកឃើញដំណោះស្រាយដែលល្អបំផុត ហើយអ្នកដទៃទៀតកំពុងតែដើរផ្លូវខុស ដោយសារពួកគេមានចិត្តរឹងរូសពេក មិនបានស្តាប់គាត់។ ដូច្នេះគាត់ទើបជាបុរសម្នាក់ដែលមានប្រាជ្ញាពិតប្រាកដ!

ប៉ុន្តែការគិតរបស់អ្នកប្រាជ្ញទី៥ នេះគឺខុសហើយ។ អ្នកគ្រប់រូបគឺសុទ្ធតែត្រូវទាំងអស់ចំពោះអ្វីដែលពួកគេបានជ្រើសរើស។

  • អ្នកប្រាជ្ញដែលទៅខាងឆ្វេង៖ គាត់បានរកឃើញខ្លួនឯង ដោយត្រូវរស់នៅក្នុងព្រៃដែលក្រាស់នោះ។ គាត់មានការស្រេកឃ្លាន និងត្រូវប្រយុទ្ធជាមួយសត្វសាហាវៗ។ ប៉ុន្តែគាត់បានរៀនពីរបៀបដើម្បីរស់នៅក្នុងព្រៃ គាត់នឹងក្លាយជាផ្នែកមួយនៃព្រៃមួយនេះ ហើយអាចបង្រៀនអ្នកផ្សេងទៀតនូវអ្វីដែលគាត់បានជួបប្រទះ។
  • អ្នកប្រាជ្ញដែលបានទៅខាងស្ដាំនោះ បានជួបក្រុមចោរ។ ពួកវាបានយកអ្វីគ្រប់យ៉ាងពីគាត់ ហើយឱ្យគាត់លួចជាមួយពួកវាដែរ។ ប៉ុន្តែមួយរយៈពេលក្រោយមក ពួកចោរទាំងនោះនឹងភ្ញាក់រលឹកនូវអ្វីដែលពួកគេបានបំភ្លេចចោល គឺភាពជាមនុស្ស និងមេត្តាធម៌ ដែលក្រុមចោរមិនអាចលួចពីអ្នកប្រាជ្ញម្នាក់នេះបាន។ វិប្បដិសារីយ៉ាងខ្លាំងរបស់ពួកចោរ បន្ទាប់ពីការស្លាប់របស់អ្នកប្រាជ្ញនេះហើយ ធ្វើអោយពួកគេភ្ញាក់រលឹក ហើយពួកគេបានក្លាយជាអ្នកប្រាជ្ញដែរ។
  • អ្នកប្រាជ្ញដែលបានត្រឡប់មកក្រោយវិញ បានធ្វើផ្លូវឆ្លងកាត់ព្រៃសម្រាប់អ្នកដទៃដែលចង់ដើរក្នុងព្រៃដោយគ្មានការភ័យខ្លាចនៃការរង្វេងបាត់។
  • អ្នកប្រាជ្ញដែលដើរឆ្ពោះមុខទៅជានិច្ច បានក្លាយខ្លួនជាអ្នកត្រួសត្រាយផ្លូវ។ គាត់បានទៅឃើញកន្លែងដែលគ្មាននរណាម្នាក់ទៅដល់ និងរកឃើញរបកគំហើញថ្មីៗដែលអស្ចារ្យសម្រាប់មនុស្ស ដូចជារុក្ខជាតិសម្រាប់ព្យាបាល និង សត្វអស្ចារ្យដែលមិនទាន់មានអ្នកដឹង។
  • ចំពោះអ្នកប្រាជ្ញដែលបានឡើងលើដើមឈើ បានក្លាយខ្លួនជាអ្នកជំនាញនៃការស្វែងរកវិធីខ្លីៗ រហ័ស និងងាយៗ។ មនុស្សដទៃនឹងងាកទៅរកគាត់នៅពេលដែលពួកគេចង់ស្វែងរកវិធីដែលលឿនបំផុតដើម្បីដោះស្រាយបញ្ហារបស់ពួកគេ បើទោះបីជាវាមិនបាននាំឱ្យមានការអភិវឌ្ឍណាមួយក៏ដោយ។

នេះហើយជាអ្វីដែលពួកអ្នកប្រាជ្ញទាំងប្រាំបានឈានដល់គោលដៅនៃជោគវាសនាជីវិតរបស់ពួកគេ។