កាលពីថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបញ្ចេញរថយន្តក្រុងសាធារណៈ ១២០គ្រឿង ព្រមទាំងកាណូត និងរថភ្លើង សម្រាប់ដឹកពលរដ្ឋទៅកាន់ស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសពិធីបុណ្យថ្មីប្រពៃណីខ្មែរខាងមុខនេះ ។
យ៉ាងណាមិញការជិះរថភ្លើងអាចនិយាយបានថា ប្លែកជាងគេក្នុងចំណោមសេវាសាធារណៈទាំងនេះ សម្រាប់ចូលចិត្តគយគន់ទេសភាព ព្រៃភ្នំតាមដងផ្លូវ ។
សម្រាប់ប្រជាពលរដ្ឋដែលចង់សាកល្បងធ្វើដំណើរតាមរថភ្លើង គឺមិនគិតថ្លៃក្នុងរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៩ ដែលបច្ចុប្បន្ននេះរថភ្លើងរបស់កម្ពុជាមាន ២ ខ្សែ ដែលឆ្លងកាត់ខេត្ត តាកែវ កំពត ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ ។
បើយោងតាមហ្វេសប៊ុករបស់ក្រុមហ៊ុន Royal Railway Cambodia បានឱ្យដឹងថា អ្នកដំណើរទាំងអស់នៅតែត្រូវបានតម្រូវឱ្យកក់សំបុត្រជាមុនសិន តាមវិធីផ្សេងៗដូចជា តាមប្រព័ន្ធអ៊ីនធើណេត ឬក៏នៅការិយាល័យស្ថានីយរថភ្លើងផ្ទាល់ ៕