រន្ធត់ណាស់! សោកនាដ​កម្ម​លើ​ផ្លូវជាតិលេខ​​​៤ បណ្ដាលឱ្យមានមនុស្សស្លាប់ និង​របួសច្រើននាក់

0
894
Loading...

ខេត្តកំពង់ស្ពឺ​ ៖​ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៥:១៥ ព្រឹកមិញនេះ មានគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើង នៅផ្លូវជាតិលេខ៤ ភូមិក្រាំងខ្វាវ ឃុំគិរីវន្ត ស្រុកភ្នំស្រួច រវាង​រថយន្ត​មួយគ្រឿងម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​បាន​បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង បណ្ដាលឲ្យមានមនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និង ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។

តាម​ប្រភពពីមន្ត្រី​នគរបាលបានអោយ​ដឹង​ថា​ ​ភាគី​ខាង​​រថយន្ត​​មួយ​​គ្រឿង​ម៉ាក Highlander ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២C-៧៣៧៧ បើកបរ​​ដោយ​ឈ្មោះ នី ភេទ​ប្រុស អាយុ៣១​ឆ្នាំ​ ជា​អ្នក​បើកបរ​រថយន្ត​តាក់ស៊ី រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ។ ចំណែកឯអ្នក​រួម​ដំណើរ​​ចំនួន៦​នាក់​ដែលជិះក្នុង​រថយន្ត​ម៉ាក Highlander រួម​មាន​៖

ចំណែកភាគី​ខាង​ថយន្ត​​មួយ​​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ មាន​​ដឹក​ទឹកកក​ពេញ ពណ៌​ស ពាក់​ស្លាក​លេខ ក​-8658-​ព​.​ភ​3 បើកបរ​ដោយ​ឈ្មោះ​ភាព ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ដឹក​ទឹកកក​បោះ​អោយ​ម៉ូយ រស់នៅ​ក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​រង​របួសធ្ងន់​​។

តាម​ប្រភពពីមន្ត្រី​នគរបាល​ស្រុក​បាន​​បន្ត​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ គេឃើញ​រថយន្ត​​មួយ​​គ្រឿង ម៉ាក​Highlander ធ្វើដំណើរក្នុង​ទិស​ដៅ​ពី​​លិចទៅ​កើត ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បុកគ្នា​​ជាមួយ​រថយន្ត​​​​ដឹក​ទឹកកក​ពេញ ក្នុង​ទិសដៅ​​បញ្ច្រាសទិស​គ្នា ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​​អ្នក​ជិះ​ក្នុង​រថយន្ត​Highlander ​​ចំនួន​៣​នាក់​បាន​ស្លាប់​ និង ​៤នាក់​ផ្សេងទៀតបាន​រង​របួសធ្ងន់​ស្រាល រីឯអ្នក​បើកបរ​​​រថយន្តដឹកទឹកកកបាន​រងរបួសធ្ងន់​​ ។

​អ្នក​រួម​ដំណើរ​​ទាំង៦​នាក់​ដែលជិះក្នុង​រថយន្ត​ Highlander​​​ ​មាន ៣នាក់បានស្គាល់អត្ថសញ្ញាណ៖

  • ១-ឈ្មោះ ស្រី អូន ភេទ​ស្រី ​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​បារាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​ ​បាន​រង​របួស
  • ២​-ឈ្មោះ ម៉ៃ អន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​បារាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ​ បាន​ស្លាប់​
  • ៣-បុរស​រងគ្រោះមិនស្គាល់​អត្តសញ្ញាណ បាន​រង​​របួស​ធ្ងន់ធ្ងរ
  • ៤-​ស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណ ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​
  • ៥-​ស្ត្រីរងគ្រោះ​មិនស្គាល់អត្ត​សញ្ញាណ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ​
  • ៦​-ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ​ បាន​រង​របួស​ធ្ងន់ធ្ងរ ។

បើតាមប្រភពព័ត៍ពីសាច់ញាតិរបស់នារីម្នាក់នៅក្នុងហ្វេសប៊ុក នារីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតម្នាក់ ត្រូវបានគេស្គាល់ថាជាម្ចាស់គណនី ឈ្មោះ Bee Li ៕

ក្រោយ​ពី​ធ្វើការ​វាស់វែង​នៅកន្លែងកើតហេតុ សពជនរងគ្រោះ​បាន​​ប្រគល់​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួស​ធ្ងន់និង​ស្រាល​ទាំង​​៥នាក់​ខាងលើត្រូវបាន​​រថយន្ត​សាមុយមក​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេ​ត្ត​កំពង់ស្ពឺ​ ៕​