ភ្នំពេញ៖ ក្រោយពីវីដេអូហឹង្សា ទៅលើស្ត្រីម្នាក់ ដែលបង្កឡើងដោយបុរសចំណាស់បានទះកំផ្លៀងនាងឲ្យដួលអុកគូថទៅនឹងថ្នល់ កាលពីថ្ងៃទី០៩ ខែមេសា ដែលធ្វើឱ្យកក្រើកបណ្ដាញសង្គមនោះ នៅព្រឹកថ្ងៃទី១១ ខែមេសា ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសដែលបានប្រើហឹង្សានេះ បានកំណត់អត្តសញ្ញាណហើយ ហើយឈានទៅឃាត់ខ្លួននៅថ្ងៃនេះតែម្តង។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអះអាងថា ក្រោយពេលបានទទួលព័ត៌មាននេះ កម្លាំងកងរាជអាវុធហត្ថបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងស៊ើបអង្កេតរហូតកំណត់អត្តសញ្ញាណរបស់ជនបង្កហឹង្សា និងឈានទៅឃាត់ខ្លួនមកផ្តន្ទាទោសទៅតាមច្បាប់នៅថ្ងៃនេះតែម្តង។
គួររំលឹកផងដែរ មុនពេលកើតហេតុបុរសដែលបង្កអំពើហឹង្សានេះ បានបើករថយន្តយ៉ាងលឿនចូលទៅទិញថ្នាំពេទ្យ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ស្ទើរតែបុកនារីរងគ្រោះដែលកំពុងដើរនោះ នារីរងគ្រោះក៏បានលាន់មាត់ថាប្រញាប់ទៅណាហេតុអ្វីក៏បើកលឿនម្ល៉េះ គ្រាន់តែលឺបែបនេះភ្លាម ស្រាប់តែបុរសម្នាក់នេះបានជេរម៉ែនារីរងគ្រោះ ហើយនារីរងគ្រោះក៏ជេរតបទៅវិញ ទើបបង្កជាហឹង្សាតែម្ដងទៅ ៕