Update ក្ដៅៗ! អាវុធហត្ថភ្នំពេញ បានបញ្ជូនជនដែលទះកំផ្លៀងស្ត្រីម្នាក់ ទៅតុលាការហើយ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺជននេះ បានសារភាពបន្ថែមរឿងមួយទៀត

0
313
Loading...

មុននេះបន្តិច យោងតាមហ្វេសប៊ុករបស់ Phnom Penh Gendarmerie បានឱ្យដឹងថា៖

បុរសម្នាក់ដែលបានបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលអុកគូទនៅនឹងថ្នល់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ រៀបចំបញ្ជូនទៅតុលាការហើយ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញបានសាកសួរនិងកសាងសំណុំរឿងចប់សព្វគ្រប់។

គួររំលឹកដែរថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីហិង្សាមួយកើតឡើង ដោយជនរងគ្រោះជាស្ត្រីទន់ខ្សោយ មានឈ្មោះ ថា ទូច លីនដា ត្រូវបានបុរស់ម្នាក់បានទះកំផ្លៀងនាងឱ្យដួលអុកគូទនៅនឹងថ្នល់។ បើតាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាងនិងប្អូនស្រី បានដើរចេញពីផ្ទះ ទៅផ្សារ ដើម្បីទិញបាយហូប ហើយក៏ដើរត្រឡប់មកវិញ

ដល់ចំណុចកើតហេតុក៏មានរថយន្តមួយគ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាង ឃើញដូច្នោះប្អូនស្រីរបស់នាង ក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងក៏បានសួរអ្នកបើករថយន្តថា បើកប្រញ៉ាប់ទៅណា? ហើយអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាងដោយពាក្យសម្តីមិនសមរម្យជាច្រើន ឭដូច្នោះនាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។ បន្ទាប់មកនាងក៏បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ។

ក្រោយពេលទទួលពាក្យបណ្តឹង អាវុធហត្ថបានបើកការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យ ក្នុងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ។

ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែងនៅលើបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបាន ប្រហែល១ខែប៉ុណ្ណោះ។ រូបគេបានសារភាពទទួលកំហុសថាបានប្រើហិង្សា ដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមករូបគេ ធ្លាប់ជាប់គុកព្រៃសរយៈពេល០១ឆ្នាំរួចម្តងហើយ ក្នុងឆ្នាំ២០០៧-២០០៨ ពីបទៈ បំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ដោយត្រូវបានឪពុកម្ដាយបង្កើត ជាអ្នកប្ដឹងឲ្យជាប់គុក ៕ ប្រភព៖ PhnomPenhGRK