ភ្នំពេញ៖ លោក ឃួន សុវណ្ណ ជាមន្ដ្រីយោធាផ្កាយ១មានតួនាទីជានាយករងអធិការដ្ឋាននៃអគ្គបញ្ជាការ និងប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនបានហើយ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅក្នុងស្រុកបារាយណ៏ ខេត្តកំពង់ធំ ដែលបានប្ដឹងចោទប្រកាន់ករណីបោកប្រាស់លុយរាប់ម៉ឺនដុល្លារ ជាថ្លៃរត់ការឲ្យកូនចៅរបស់ពួកគេ បានចូលក្រមខណ្ឌបម្រើការងាររដ្ឋបានជាដូចជា ទាហាន ប៉ូលីស និងគ្រូបង្រៀនជាដើម។
បើយោងតាមប្រភពពីមន្ដ្រីអាវុធហត្ថជាន់ខ្ពស់លើផ្ទៃប្រទេសបានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះថា លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ និងភរិយារបស់ខ្លួនឈ្មោះ ទ្រី ណាត ជាមន្ដ្រីនគរបាលជាន់ខ្ពស់ម្នាក់ នៅក្រសួងមហាផ្ទៃ ត្រូវបានឃាត់ខ្លួន និងកំពុងធ្វើការសួរនាំ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
យោងតាមរបាយការណ៍ប្រជាពលរដ្ឋជាច្រើននាក់ ខ្លះចាញ់បោកចាប់ពី១ ៥០០ដុល្លារ រហូតដល់ជាង ៦ ០០០ដុល្លារ ទៅលើបុគ្គលទាំងពីរនាក់ប្ដីប្រពន្ធនេះ ដើម្បីឲ្យពួកគេរត់ការនាំកូនចៅរបស់ខ្លួនឲ្យចូលធ្វើរដ្ឋ ហើយទំហំទឹកប្រាក់ទាំងអស់ខ្ទង់ ១០ ទៅ ២០ម៉ឺនដុល្លារ ដែលបោកប្រាស់ពីប្រជាពលរដ្ឋ។
យោងតាមប្រភពព័ត៌មានពីខេត្តកំពង់ធំ បានឲ្យដឹងថា មូលហេតុប្ដីប្រពន្ធពីរខាងលើទទួលបានសេចក្ដីទុកចិត្តពីប្រជាពលរដ្ឋជាច្រើននាក់ ក៏ព្រោះតែប្រជាពលរដ្ឋបានស្គាល់ពួកគេ ធ្លាប់បានចុះចែកអំណោយជូនប្រជាជននៅតំបន់ដាច់ស្រយាលជាច្រើនលើកច្រើនសារ ទើបពួកគេទុកចិត្ត និងពឹងពាក់យ៉ាងដូច្នេះ៕ ប្រភព៖ ហ្វេសប៊ុក