លោក ទិត សុធា ចោទសួរថា ហេតុអ្វីអាចរស់បានក្រោមថ្ងៃក្តៅសម័យប៉ុល ពត? គ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរយ៉ាងនេះ

0
1885
Loading...

មួយរយៈចុងក្រោយនេះ ក្រោយពីការប្រកាសរបស់អគ្គិសនីកម្ពុជា ពីការផ្ដាច់ចរន្តអគ្គិសនីកន្លះថ្ងៃសម្រាប់ពេលព្រឹក និងពេលរសៀល ដើម្បីសន្សំថាមពលប្រើពេលយប់មក ធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងការលំបាកជាច្រើនផងដែរ ដូចជាក្នងជីវិភាពរស់នៅប្រចាំថ្ងៃ ការប្រកបអាជីវកម្ម និងការងារជាដើម។ ស្របពេលអាកាសធាតុកើនឡើងកម្ដៅផងដែរ ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកខ្លះៗ ហើយក៏បានបញ្ចេញប្រតិកម្មនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងអគ្គិសនីកម្ពុជា។

យ៉ាងណាមិញ លោក ទិត សុធា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ បានបង្ហោះសារមួយនៅលើហ្វេសប៊ុក ដោយចោទសួរ នឹងឆ្លើយដោយខ្លួនឯងថា៖ «សម័យប៉ុល ពត នៅពេលគេបង្ខំឱ្យធ្វើការទាំងថ្ងៃក្តៅហែង យប់គ្មានពេលសម្រាក រស់នៅមិនបានជុំគ្រួសារ គ្មានម៉ាស៊ីនត្រជាក់ គ្មានកង្ហា គ្មានភ្លើងប្រើប្រាស់ គ្មានចំណីអាហារគ្រប់គ្រាន់ ម៉េចក៏ចេះតស៊ូរស់បាន ចុះពេលនេះ គ្រាន់តែខកខានប្រើប្រាស់ភ្លើងមួយរយៈ ហេតុអ្វីក៏ស្រែកថ្ងូរយ៉ាងនេះ? អាចមកពីធ្លាប់បានរស់នៅសុខស្រួល ទើបពិបាកទ្រាំនឹងការលំបាក។

ទោះយ៉ាងណា រាជរដ្ឋាភិបាលបាននិងកំពុងប្រឹងប្រែងដោះស្រាយបញ្ហាភ្លើងអគ្គីសនីដែលនាំឱ្យពលរដ្ឋប្រឈមនឹងការលំបាកខ្លះៗនេះ និងបានសូមការយោគយល់ អភ័យទោសចំពោះបញ្ហាដែលបានកើតឡើង និងសូមបងប្អូនប្រជាពលរដ្ឋអត់ធ្មត់។ បញ្ហាខ្វះខាតភ្លើងនឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗ។

ជាការពិតដាច់ភ្លើងដូចតែគ្នា មិនថា ផ្ទះប្រជាពលរដ្ឋ ឬរដ្ឋមន្ត្រី ឬក៏ថ្នាក់ដឹកនាំរូបណាទេ ផ្ទះខ្ញុំក៏ដាច់ភ្លើងដែរពេលនេះ!!!»

គួររំលឹកដែរថា កាលពីពិធីបុណ្យទន្លេកាលពីថ្ងៃទី១៦ ខែមីនា នៅក្នុងខេត្តកំពង់ឆ្នាំង សម្ដេចតេជោ ហ៊ុន សែន​ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអត់ធ្មត់ដែរ ចំពោះការខ្វះអគ្គិសនីប្រើប្រាស់នេះ។ លោកក៏បានណែនាំឱ្យពលរដ្ឋទិញម៉ាស៊ីនភ្លើងប្រើប្រាស់បណ្ណោះអាសន្ន ព្រោះថាអគ្គិសនីខ្វះរហូតដល់៤០០មេហ្គាវ៉ាត់ឯណោះ៕​