ភ្នំពេញ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៦ ខែមេសានេះ បានឱ្យដឹងថា កងកម្លាំងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមន្រ្ដីមានសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ៣នាក់ ដែលបាននាំចូលសាច់ប្រាក់ចំនួន ៣លាន ៥២ម៉ឺនដុល្លារអាមេរិក ពីទីក្រុងហុងកុង ចូលមកព្រះរាជាណាចក្រកម្ពុជា ដោយពុំមានបញ្ចាក់អំពីប្រភពហិរញ្ញវត្ថុច្បាស់លាស់ឡើយ ។
បន្ទាប់ពីការឃាត់ខ្លួនសួរចម្លើយ និងត្រួតពិនិត្យឯកសាររបស់ជនសង្ស័យទាំង ៣រូបនោះរួចមក សមត្ថកិច្ចបានរៀបចំបែបបទបញ្ជូនខ្លួនជនសង្ស័យទាំង៣ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា៕