ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពព័ត៌មានហ្វេសប៊ុក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ យ៉ាងហោចណាស់ក៏មានសិស្ស សាលាបឋមសិក្សាអូរអំបិលចំនួន៥២នាក់ (សិស្សស្រី ២៨នាក់) ក្នុងចំណោម៤០០នាក់ បានផឹកទឹកដោះគោ ANGKORMILK រួចក៏មានការឈឺក្បាល ចុកពោះ ក្តៅខ្លួន ក្អួតចង្អោរ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សិស្សរងគ្រោះដោយពុលនោះត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ១២នាក់ មន្ទីរសម្រាកព្យាបាលបានសុខ ចំនួន៤០នាក់។
អាណាព្យាបាលសិស្ស និងគ្រូបង្រៀនបានសន្និដ្ឋានថាបណ្តាលមកពីពុលទឹកដោះគោ ANGKORMILK ក្រោយពីក្រុមហ៊ុនទឹកដោះគោនេះ បានផ្សព្វផ្សាយផលិតផលទឹកដោះគោ ដោយមានការចែកទឹកដោះគោ ឱ្យសិស្សផឹកដោយគិតថ្លៃ។
បើតាមប្រភពព័ត៌មានពីលោកគ្រូម្នាក់ បានឱ្យដឹងថា ក្រុមហ៊ុនទឹកដោះគោ ANGKORMILK បានដឹកផលិតផលរបស់ខ្លួនតាមរថយន្តមកផ្សព្វផ្សាយពាណិជ្ជកម្ម ហើយចែកទឹកដោះគោដល់សិស្សប្រមាណ៤០០នាក់ ចាប់ពីសិស្សមតេ្តយ្យ រហូតដល់ថ្នាក់ទី៦។ ទឹកដោះគោនោះបានក្លាស្សេទឹកត្រជាក់ ហើយក៏បានចែកឱ្យសិស្សផឹកមិនគិតថ្លៃ លុះបន្ទាប់ពីសិស្សផឹករួចហើយក៏ស្រាប់តែមានសិស្សចំនួន ៣ថ្នាក់ដែលមានបញ្ហា ចាប់ផ្ដើមមានអាការៈចុកពោះ ឈឺក្បាល និងក្អួតចង្អោរ ជាបន្តបន្ទាប់ ហើយកាន់តែច្រើនឡើង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាណាព្យាបាល និងគ្រូបង្រៀនឆោឡោ ដឹកសិស្ស និងកូនៗទាំងនោះទៅកាន់មន្ទីរពេទ្យបន្ទាន់តែម្តង។
លោកគ្រូក៏បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនទឹកដោះគោនេះ មកផ្សព្វផ្សាយគឺឃើញមានលិខិតអនុញ្ញាតពីមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដែលមានការចុះហត្ថលេខាដោយអនុប្រធានមន្ទីរ អនុញ្ញាតឱ្យក្រុមហ៊ុននោះមកចែកទឹកដោះគោជូនសិស្ស។
រីឯខាង ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណលោក អ៊ីវ ដារ៉ាវុឌ្ឍ ប្រាប់ឱ្យដឹងថា សិស្សសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកក្រុង១២នាក់ មានអាការៈឈឺក្បាល ចុកពោះ ក្អួតចង្អោរ គឺពុលចំណីអាហារ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ។ បញ្ហានេះលោកមិនទាន់ដឹងថាបង្កមកពីទឹកដោះគោ រឺពុលចំណីអាហារនៅក្នុងសាលា ឫយ៉ាងណានៅឡើយទេ។ សំណាកទឹកដោះគោ ខាងមន្ទីរពេទ្យបានយកមកពិនិត្យកាលបរិច្ឆេទ គឺនៅមានសុពលភាព ត្រូវបានយកទៅពិសោធន៍នៅរាជធានីភ្នំពេញ ក្រោយពិសោធន៍ទើបដឹងលទ្ធផល។ លោកប្រាប់ទៀតថា បច្ចុប្បន្នសិស្ស១២នាក់មានអាការៈធូរស្បើយហើយ។
ជុំវិញបញ្ហានេះ បើតាមការបញ្ជាក់ឱ្យដឹងពីភ្ញាក់ងារក្រុមហ៊ុនទឹកដោះគោ ANGKORMILK បានប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ថិ៍សង្កាត់អូរអំបិល ដែលចុះទៅអង្កេតកន្លែងកើតហេតុថា ក្រុមហ៊ុនបានចែកទឹកដោះគោនោះ ជូនសិស្សនៅក្នុងខេត្តបន្ទាយមានជ័យ ច្រើនសាលាមកហើយមិនមានបញ្ហាអ្វីនោះទេ ទើបតែមានបញ្ហានៅសាលាអូរអំបិលតែមួយគត់៕ ប្រភព៖ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ