សត្វជ្រូក ជាឈ្មោះសំដៅទៅលើភាពខ្ចិលច្រអូស ដែលយើងតែងតែប្រើដើម្បី យកមកប្រៀបធៀបទៅលើមនុស្ស ឬសត្វដែលខ្ចិលខ្លាំង ។ ប៉ុន្តែតាមពិតទៅ មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៌ជាច្រើនផងដែរ ទាក់ទងនឹងសត្វកំចឹលមួយប្រភេទនេះ ហើយមនុស្សជាច្រើនកម្រនឹងដឹងណាស់។
ជាសមិទ្ធិផល ពួកវាបានជាប់នៅក្នុងកំណត់ត្រាពិភពលោក Guinness ទៀតផង។ ខាងក្រោមនេះអ្នកនឹងបានឃើញ និងដឹងពីប្រវត្តិរបស់ពួកវាថា តើពួកវាមានអ្វីខ្លះដែលប្លែកជាងគេ ទើបមានក្នុងកំណត់ត្រាពិភពលោកបែបនេះ។
១. សត្វជ្រូកដែលធំជាងគេ ដែលធ្លាប់មាន
សត្វជ្រូកមួយនេះឈ្មោះថា Big Bill ជាជ្រូករបស់កសិករម្នាក់ឈ្មោះ Elias Buford Butler នៅឯ Tennessee ប្រទេសអាមេរិច។ Big Bill គឺជាពូជកូនកាត់រវាង Ban Lan និង ជ្រូកចិន។
សត្វជ្រូកមួយនេះមានទំងន់ ១.១៥៧តោន ប្រវែង ២.៧៤ម៉ែត្រ និង កំពស់ ១.៥២ម៉ែត្រ ប្រហែលនឹងកំពស់របស់ក្មេងស្រីអាយុ ១២ឆ្នាំ។
២. ចុះពូជជ្រូកដែលតូចជាងគេវិញ ជាពូជមួយណាទៅ?
ពូជជ្រូកដែលតូចជាងគេគឺ ពូជជ្រូក Porcula Salvania ដែលឃើញមានតែ ៣ ៤ក្បាលប៉ុណ្ណោះរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា។
ជ្រូកឈ្មោលពេញវ័យប្រភេទនេះ បានប្រវែង ៦១-៧១សង់ទីម៉ែត្រ តែប៉ុណ្ណោះ និងទំងន់ ៨-១០គីឡូ។ ចំណែកជ្រូកញីវិញ តូចជាងជ្រូកឈ្មោលទៀត គឺប្រវែងពី ៥៥-៦២សង់ទីម៉ែត្រ និង ទំងន់ ៦-៨សង់ទីម៉ែត្រប៉ុណ្ណោះ។
៣. ជ្រូកព្រៃដែលធំជាងគេ នៅក្នុងប្រវត្តិសាស្ត្រ
ទោះបី Big Bill ធំជាងគេនៅក្នុងកំណត់ត្រាមែន តែវាមិនមែនរស់នៅក្នុងព្រៃទេ ហើយត្រូវបានចិញ្ចឹមដោយមនុស្ស។ បើសិនជានៅក្នុងពិភពធម្មជាតិវិញ មានឈ្មោះជ្រូកព្រៃមួយប្រភេទដែលធំបំផុត ហើយក៏ជាប្រភេទសត្វផុតពូជផងដែរ គេហៅវាថា ជ្រូក unicorn ដែលមានឈ្មោះថា Kubanochoerus gigas។
ហេតុផលដែលហៅវាបែបនេះ ដោយសារជ្រូកព្រៃប្រភេទនេះ មានស្នែងធំនៅលើថ្ងាស ដែលប្រើសម្រាប់សំគាល់ថាជាជ្រូកឈ្មោល។ ជ្រូក Unicorn ធ្លាប់រស់នៅក្នុងលើទឺកដីនៃប្រទេសរុស្សី និងប្រទេសចិន ក្នុងចន្លោះពី ៧ ទៅ ២០ លានឆ្នាំមុន។ ជ្រូកដែលចាស់អាចនឹងមានទម្ងន់រហូតដល់ ៥០០គីឡូក្រាម និងមានកម្ពស់ ១.២ ម៉ែត្រ។
៤. ជ្រូកធំ និងសាហាវជាងគេក្នុងបុរេប្រវត្តិ (Hell Pig)
ជ្រូកធំ និងសាហាវជាងគេក្នុងបុរេប្រវត្តិគឺ Daeodon shoshonensis (aka Dinohyus hollandi) ។ សត្វជ្រូកប្រភេទនេះមានប្រវែងប្រហែល ១.៨ ទៅ ២ម៉ែត្រ (៥ ហ្វីតនិង ១០ អ៊ីញក្នុង ៦ អ៊ីញ) គិតត្រឹមស្មារបស់វា វាមានកំពស់ ខ្ពស់ជាងមនុស្សពេញវ័យធម្មតាទៀត ហើយមានទំងន់ប្រហែលមួយតោន។ លលាដ៍ក្បាលរបស់វាមានប្រវែងប្រហែល ៩០សង់ទីម៉ែត្រ ប៉ុន្តែនៅក្នុងក្បាលរបស់វា មានខួរក្បាលតូចទេ ដែលវិមាឌមិនធំជាងផ្លែទឹកក្រូចឡើយ ដែលអាចនិយាយបានថា វាជាសត្វមិនឆ្លាតនោះឡើយ។
ការវិភាគចុងក្រោយ បានបង្ហាញថាពួកវាមានទំនាក់ទំនងទៅនឹងពពួកត្រីបាឡែន និង ដំរីទឺក ដូច្នេះពុំគួរចាក់ពួកវាចូលក្នុង អំបូរសត្វជ្រូកឡើយ។
៥. ពូជជ្រូកស្រុកមានរោមក្រាស់បំផុត
មិនមែនសត្វជ្រូកទាំងអស់សុទ្ធតែមានរោមខ្លីនោះទេ។ មកមើលជ្រូករបស់ប្រទេសហុងគ្រី ឈ្មោះ Mangalitza វិញ វាជាជ្រូកក្នុងស្រុកដែលមានរោមរួញច្រើនបំផុត។
ពូជជ្រូកនេះមានរោមវែង ក្រាស់ និងអង្កាញ់ដូចសត្វចៀម។ វាមានពូជបីប្រភេទ ដែលមួយគេហៅថា Blond Mangalitza (ពណ៌ស/ទង់ដែង) មួយទៀតហៅថា Swallow-bellied Mangalitza (ខ្លួនខ្មៅ ជើងនិងពោះពណ៌ស) និងចុងក្រោយ Red Mangalitza (រាងក្រហម) ។
៦. ជ្រូកដែលចាស់ជាងគេបំផុតក្នុងពិភពលោក
ជ្រូកមានជីវិតជាមធ្យមប្រហែល ៨ឆ្នាំ ខណៈពួកវាមិនត្រូវបានប្រឈមមុខជាមួយសត្វព្រៃផ្សេង ពួកវាមានអាយុរស់នៅបានយូររហូតជាង ២០ឆ្នាំ និងក្នុងករណីមិនត្រូវបានធ្វើជាម្ហូបអាហាររបស់មនុស្ស។
ចំណែកក្នុងកំណត់ត្រាជ្រូកមានជីវិតវែងបំផុត ធ្លាប់បានកត់ត្រា គឺអាយុ ២៣ឆ្នាំ និង ៧៦ថ្ងៃ ដែលវាមានឈ្មោះថា Ernestine បានកើតថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ និងបញ្ចប់ជីវិតក្នុងឆ្នាំ ២០១៤។ ជ្រូកញីនេះ ជាសត្វចិញ្ចឹមរបស់គ្រួសាររបស់ Dan King នៅ Calgary ប្រទេសកាណាដា។
៧. ជ្រូកដែលផ្ដល់កំណើតកូនមួយសំបុកច្រើនជាងគេបំផុត
ជាធម្មតាជ្រូកស្រុកផ្តល់កំណើតម្ដងបានកូនជ្រូករហូតដល់ ១២ក្បាល។ ប៉ុន្តែជ្រូកនេះវិញ បានផ្ដល់កំណើតកូនច្រើនលើសពីធម្មតារហូតដល់ទៅ ៣ដងឯណោះនៃជ្រូកស្រុកធម្មតា។
នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៩៣ ជ្រូកដែលមានឈ្មោះថា “Sow ៥៧០” បានផ្តល់កំណើតដល់កូនជ្រូកចំនួន ៣៧ក្បាលឯណោះ នៅឯកសិដ្ឋាន Eastfield House ក្នុងក្រុងមែលប៊ន រដ្ឋយ៉កស័រ ប្រទេសអង់គ្លេស។ ក្នុងចំណោមជ្រូក ៣៧ក្បាល ដែលបានកើតមកនោះ មានចំនួនរស់ ៣៣ក្បាល ដែលជាអត្រារស់រានមានជីវិតគួរឱ្យចាប់អារម្មណ៍។
៨. ចុងក្រោយគឺ ជ្រូកដែលលោតបានខ្ពស់ជាងគេក្នុងពិភពលោក
សត្វជ្រូកប្រហែលជាមិនអាចហោះហើរបាន ប៉ុន្តែជ្រូកមួយចំនួនអាចលោតបានយ៉ាងល្អណាស់ ទោះបីដុះក្បាលពោះស្អុយក្ដី។
ជាក់ស្ដែង នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០០៤ សត្វជ្រូកដែលមានឈ្មោះថា Kotetsu បានទទួលជោគជ័យក្នុងលោតកម្ពស់ ៧០សង់ទីម៉ែត្រ ដែលជាការលោតខ្ពស់បំផុតសម្រាប់ជ្រូកមួយក្បាលនេះ នៅកសិដ្ឋាន Mokumoku Tedsukuri នៅក្នុង Mie Prefecture ប្រទេសជប៉ុន។