រុស្ស៊ី៖ យ៉ាងហោចណាស់មនុស្ស ៤៧នាក់ ត្រូវបានសម្លាប់ក្រោយពេលដែលយន្ដហោះដឹកអ្នកដំណើររបស់រុស្ស៊ីមួយគ្រឿងឆាបឆេះ។ បើយោងតាម អ្នកស្រី Elena Markovskaya សមាជិកគណៈកម្មការស៊ើបអង្កេតរបស់ប្រទេសនេះ បាននិយាយថាមនុស្ស ៤៧នាក់ត្រូវបានស្លាប់ ក្នុងនោះមានក្មេង២នាក់ និងជនជាតិអាមេរិចម្នាក់ នៅពេលយន្តហោះដឹកអ្នកដំណើររុស្ស៊ីមួយគ្រឿងនេះ បានចុះចតជាបន្ទាន់ និងធ្លាក់នៅព្រលានយន្តហោះនៃទីក្រុង Moscow កាលពីថ្ងៃអាទិត្យ។
យោងតាមភ្នាក់ងារសារព័ត៌មានក្នុងតំបន់ Interfax ឲ្យដឹងថាយន្ដហោះរុស្ស៊ីប្រភេទ Superjet 100 បានធ្វើដំណើរក្នុងជើងហោះហើរលេខ SU1492 ពីទីក្រុង Moscow ទៅកាន់ Murmansk នៅពេលដែលហេតុការណ៍ដ៏អាក្រក់នេះកើតឡើង។ ប្រភពដដែលក៏បានបន្ដទៀតថា ក្រោយពេលចាកចេញពីព្រលានប៉ុន្មាននាទីយន្ដហោះបានបាត់ទំនាក់ទំនងដោយសាររន្ទះបាញ់ដែលត្រូវបង្ខំឲ្យធ្វើការចុះចតបន្ទាន់នៅព្រលាន Sherametyevo។
វីដេអូដែលបានថតមុនពេលការធ្លាក់យន្តហោះបង្ហាញឱ្យឃើញថាយន្តហោះចុះមកលើផ្លូវរត់ ខណៈភ្លើងកំពុងឆាបឆេះផ្នែកខាងក្រោយ ដែលមានអណ្ដាតភ្លើងយ៉ាងខ្លាំង។
បើតាមរបាយការណ៍ចុងក្រោយ មានមនុស្ស ៣១នាក់បានរួចជីវិត ក្នុងនោះមាន ៥នាក់ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរ យន្តហោះនេះមានអ្នកដំណើរ ៧៣នាក់ និងសមាជិកនាវិក ៥នាក់នៅលើយន្តហោះ បើតាមទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍៕