បើយោងតាមសំដីរបស់លោកស្រី PANATDA CHENNAVASIN ដែលជាអនុប្រធានប្រតិបត្តិ ISUZU ប្រចាំប្រទេសថៃបានឲ្យដឹងថា រថយន្តដែលបាននាំចូលមកកាន់ប្រទេសអាស៊ានត្រូវជាប់បន្ថែមពន្ធពិសេស ដែលធ្វើឲ្យតម្លៃរថយន្តកាន់តែថ្លៃ។កាលពីឆ្នាំកន្លងទៅ លោក TOSHIAKI MAEKAWA ដែលជាអគ្គនាយកគ្រប់គ្រង ISUZU បានបញ្ជាក់ផងដែរថា
ការដែលតម្លៃរថយន្តនៅកម្ពុជាមានតម្លៃថ្លៃជាងរថយន្តនៅប្រទេសថៃដល់ទៅ ៧០% នោះ គឺព្រោះតែថ្លៃពន្ធរថយន្តថ្មីនៅកម្ពុជា។តម្លៃពន្ធលើរថយន្តដែលនាំចូល មានអត្រា១១០% ដែលមានការកើនឡើងចំនួន ៤០% នៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ។អ្វីដែលជាមូលហេតុចំបងដែលធ្វើឲ្យប្រទេសថៃសម្រេចបានការបន្ធូរបន្ថយតម្លៃរថយន្ត គឺដោយសារតែមានរោងចក្រតម្លើងរថយន្តជាច្រើននៅក្នុងស្រុក។ថៃបានផ្តល់សិទ្ធិសាងសង់
ផ្តល់ទិដ្ឋាការយ៉ាងងាយស្រួល និងការអនុញ្ញាតិច្បាប់ផ្សេងៗជាច្រើនទៀត ដើម្បីជាការលើកទឹកចិត្តដល់ក្រុមហ៊ុនតម្លើងរថយន្តនៅក្នុងប្រទេស នេះបើតាមការលើកឡើងរបស់ CNNMoney។គួរបញ្ជាក់ផងដែរថា ថៃបានអនុវត្តយុទ្ធសាស្រ្តយកពន្ធលើរថយន្តរហូតដល់៨០% និងលើម៉ូតូ៦០%អស់រយៈកាល ៣ទស្សវត្សន៍ មកហើយ។ក្រៅពីនេះ ថៃបានលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល៨ឆ្នាំឯណោះ ដែលជាកាយវិការមួយយ៉ាងល្អចំពោះវិនិយោគិនបរទេស ជាពិសេសក្រុមហ៊ុនធំៗ។មិនត្រឹមតែលើកលែងពន្ធលើប្រាក់ចំណូលប៉ុណ្ណោះទេ
ប្រទេសថៃថែមទាំងកាត់បន្ថយពន្ធសាជីវកម្មទៀតផង តួយ៉ាងដូចជាក្រុមហ៊ុន GM និង Ford ដែលសុទ្ធតែត្រូវបានកាត់បន្ថយពន្ធសាជីវកម្មរហូតដល់៥០% នៅមជ្ឈមណ្ឌល Royong ។ម៉្យាងវិញទៀត ថៃបានលើកលែងពន្ធសាជីវកម្ម លើការវិនិយោគលើរថយន្តកូនកាត់ និងរថយន្តអគ្គីសនី ក្នុងរយៈពេលពី៥ ទៅ៨ឆ្នាំ
ដែលនាំឲ្យមានការចូលរួមពីក្រុមហ៊ុនជប៉ុនជាច្រើន ដូចជា តូយ៉ូតា ហុងដា នីសាន ជាដើម។ក្រៅពីការលើកទឹកចិត្តដល់ក្រុមហ៊ុនតម្លើងរថយន្តហើយ ថៃក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតអាគុយ និងគ្រឿងផ្គត់ផ្គង់ម៉ូទ័រផ្សេងទៀតផងដែរ៕ ប្រភព៖ ហ្វេសប៊ុក