កុលសម្ព័ន្ធជនជាតិភាគតិច Waorani របស់អេក្វាឌ័រ បានឈ្នះក្ដីជាលើកដំបូងរបស់ខ្លួន កាលពីថ្ងៃសុក្រ ដែលប្រឆាំងនឹងក្រុមហ៊ុនប្រេងធំៗ ប៉ុនប៉ងចូលទៅទន្ទ្រានលើដែនដីអាម៉ាហ្សុនពីដូនតារបស់ពួកគេ ដើម្បីរុករកប្រេង។
បន្ទាប់ពីការជំនុំជម្រះក្ដីអស់រយៈពេល២សប្ដាហ៍រួចមក តុលាការទីក្រុង Puyo បានសម្រេចក្ដីឲ្យកុលសម្ព័ន្ធនជាតិភាគតិច Waorani ជាអ្នកថែរក្សានៅខេត្ត Pastaza និងបញ្ឈប់ក្រុមហ៊ុនប្រេងធំៗពីការរុករកប្រេង នៅលើផ្ទៃដីជាង ១៨០ ០០០ហិចតា។
ដីនៅតំបន់នោះ ត្រូវបានការពារដោយច្បាប់អេក្វាឌ័រ និងប្រគល់សិទ្ធិឲ្យទៅកុលសម្ព័ន្ធជនជាតិភាគតិច Waorani ដើម្បីថែរក្សាដែនដីដូនតារបស់ពួកគេនៃព្រៃអាម៉ាហ្សូន។ យ៉ាងណាមិញ ទឹកដីរបស់ពួកគេ ត្រូវបានបំពានដោយក្រុមហ៊ុនរុករកប្រេងមួយកាលពីឆ្នាំ២០១២ ដែលជាហេតុធ្វើឲ្យមានការប្ដឹងផ្ដល់ឡើងតុលាការ។
គួរឲ្យដឹងថា កុលសម្ព័ន្ធ Waorani មានប្រជាជនប្រមាណជា ៤ ៨០០នាក់ដែលកំពុងរស់នៅក្នុងតំបន់នៃព្រៃអាម៉ាហ្សូន និងជាទឹកដីដូនតារបស់ពួកគេទាមទារឲ្យមានការអភិរក្ស៕ ប្រភព៖ dawn