ខ្លាំងដៃម៉្លេះ! ជនជាតិចិនប្រុសស្រី ២នាក់ ហៅរថយន្តតាក់សុីជិះយកទៅប្លន់ បានសម្រេច តែគេចមិនរួច

0
1387
Loading...

ខេត្តតាកែវ ៖ កាលពីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៦៖៣០នាទីយប់ មានករណីប្លន់រថយន្តមួយគ្រឿង បង្កឡើងដោយជនជាតិចិនប្រុសស្រី ២នាក់ ដែលជនសង្ស័យទី១ឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ និងជនសង្ស័យទី២ឈ្មោះ សែវ ជីន ភេទស្រីអាយុ ៣៤ ឆ្នាំសព្វថ្ងៃស្នាក់នៅភ្នំពេញដូចគ្នា

បានធ្វើសកម្មភាពយកកូនកាំបិតភ្ជង់គម្រាមប្លន់ អ្នករត់តាក់ស៊ី យករថយន្តមួយគ្រឿងម៉ាក Lexus- RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-8959 នៅចំណុចផ្លូវជាតិលេខ៣ ជិតផ្សារគុម្ពឬស្សី ស្ថិតក្នុងឃុំតាំងដូង ស្រុកបាទី ខណៈពេលជនសង្ស័យជួលរថយន្តខាងលើពីចំណុចពោធិ៍ចិនតុង រាជធានីភ្នំពេញ ជិះតាមផ្លូវជាតិលេខ៣ សំដៅទៅខេត្តកំពត។

លុះមកដល់ចំណុចកើតហេតុខាងលើ ម្ចាស់រថយន្តបានសុំចុះបត់ជើងធំ ហើយបានប្រតាយប្រតប់ជាមួយជនសង្ស័យបណ្តាលឱ្យម្ចាស់រថយន្តរងរបួសស្រាល រួចបានរត់មកប្តឹងសមត្ថកិច្ចនៅស្រុកបាទី ចំណែកជនសង្ស័យបានបើករថយន្តរត់គេចខ្លួនសំដៅទៅខេត្តកំពត ។

ក្រោយពេលទទួលបានព័ត៌មានភ្លាមៗ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានបញ្ជាកម្លាំងតាមបណ្តាស្រុក/ក្រុង និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាន ចុះល្បាតពួនស្ទាក់ ត្រួតពិនិត្យ ឆែកឆេរ រហូតវេលាម៉ោង ៧៖៣០នាទីយប់ កម្លាំងជំនាញបានព័ទ្ធស្ទាក់ចាប់បានរថយន្តខាងលើ

រួមទាំងជនសង្ស័យទាំង២នាក់ នៅចំណុចផ្លូវបំបែកអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍