ព្រឺ​រោម! ពូជ​ពស់យក្ស អធិរាជ​គ្មាន​ជើង នៅតែមាន​វត្តមាន​លើ​ផែន​ដី​ រហូតដល់ពេលបច្ចុប្បន្ន

0
5153
Loading...

ពស់​មាន​ច្រើន​ប្រភេទ​ណាស់​នៅ​លើ​ផែន​ដី​នេះ ហើយ​ពស់​ខ្លះ​មាន​ពិស ឯ​ពស់​ខ្លះ​ទៀត​ក៏មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ។ ចំណែក​ពស់​ថ្លាន់​យក្ស ដែល​ភាសា​បរទេស​ហៅ​ថា Giant Anaconda ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ ពូជ​ពស់​ធំ​បំផុត​លើ​ផែន​ដី​សព្វ​ថ្ងៃ និង​ប្រសិទ្ធិនាម​ថា​ជា​អធិរាជ​គ្មាន​ជើង ដោយ​សារ​តែ​កម្លាំង​រឹត​ដ៏​ខ្លាំង​ក្លា​របស់​វា ​គ្រោះ​ថ្នាក់​ជាពស់វែកមាន​ពិសទៅទៀត។ ពូជ​ថ្លាន់ Giant Anaconda អាច​មាន​ប្រវែង​ខ្លួន​ដល់​ទៅ ៩​ម៉ែត្រ និង​ទម្ងន់​ខ្លួន​ជាង ២០០​គីឡូក្រាម។

របាយការណ៍​ជាក់​ស្ដែង​នៃ​ទម្ងន់​ខ្លួន​មធ្យម​របស់​ថ្លាន់​យក្ស នៅ​តែ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​ទាំង​ស្រុង​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ។ យ៉ាង​ណា​ក្ដី មាន​ឯកសារ​ខ្លះ​អះអាង​ថា ជា​មធ្យម​ថ្លាន់​យក្ស​មាន​ប្រវែង​ជាង ៥​ម៉ែត្រ និង​ទម្ងន់​ប្រហែល ៩៧​គីឡូក្រាម។ នេះ​ជា​ប្រវែង និង​ទម្ងន់​ខ្លួន​មធ្យម​របស់​ថ្លាន់​យក្ស ពេល​ពេញ​វ័យ ប៉ុន្តែ​ថ្លាន់​យក្ស​មួយ​ចំនួន​តូច អាច​លូត​ប្រវែង​ដល់​ទៅ​ជិត ១០ម៉ែត្រ និង​ទម្ងន់​ជាង ២០០​គីឡូក្រាម​ឯ​ណោះ។

មាន​ឯកសារ​មួយ​ចំនួនបាន​កត់​ត្រា​ថា នៅ​​ព្រៃ​ក្រាស់​នៃ​ទ្វីប​អាមេរិក​ខាង​ត្បូង ធ្លាប់​មាន​អ្នក​ប្រទះ​ឃើញ​ថ្លាន់​យក្ស​ដែល​មាន​ប្រវែង​ខ្លួន​រហូត​ដល់ ១៨​ម៉ែត្រ ប៉ុន្តែ​មិន​មាន​រូប​ភាព​ជាក់​លាក់​ឡើយ។ ដូច​នេះ​ហើយ ទើប​ការ​អះ​អាង​នោះ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​ច្រាន​ចោល ព្រោះ​បច្ចុប្បន្ន​មិន​ទាន់​មាន​ភស្តុតាង​ណា ដែល​បញ្ជាក់​ថា មាន​ថ្លាន់​ប្រវែង​លើស​ពី ១០​ម៉ែត្រ​ឡើយ ទោះ​បី​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រឹង​មុជ​ចូល​ព្រៃ​ជ្រៅ​ក្ដី។

ចំណែក​អ្នក​វិទ្យាសាស្រ្ត​ម្នាក់​ឈ្មោះ Vicent Roth បាន​អះ​អាង​ថា ធ្លាប់​បាញ់​សម្លាប់​ថ្លាន់​មួយ​ក្បាល​នៅ​ក្នុង​ព្រៃ ដែល​មាន​ប្រវែង ១០,៣​ម៉ែត្រ ប៉ុន្តែ​ដូច​ការ​អះ​អាង​មុន​ៗ​ដែរ គឺ​ពុំ​មាន​ភស្តុតាង​បញ្ជាក់​នោះ​ទេ។ ក្រោយ​មក ក៏​មាន​អ្នក​ដើរ​ផ្សង​ព្រេង​ក្នុង​ព្រៃ​ជន​ជាតិ​អង់គ្លេស​ម្នាក់​ទៀត ឈ្មោះ Percy Fawcett បាន​ប្រកាស​ថា​ធ្លាប់​ឃើញ​ថ្លាន់​ប្រវែង​ពី​ច្រមុះ​ដល់​កន្ទុយ ១៩​ម៉ែត្រ ប៉ុន្តែ​គ្មាន​ភស្តុតាង​ដូច​គ្នា ហើយ​ក៏​គ្មាន​នរណា​ជឿ​លើ​ការ​អះ​អាង​នោះ​ដែរ។

ថ្លាន់​យក្ស ភាគ​ច្រើន​រស់​នៅ​ក្នុង​ព្រៃ​ជ្រៅ នៃ​តំបន់​អាមេរិក​ខាង​ត្បូង ប៉ុន្តែ​នៅ​អាស៊ី​ក៏​មាន​ដែរ គ្រាន់​តែ​មិន​សូវ​ធំ​ខ្លាំង។ អធិរាជ​គ្មាន​ជើង​នេះ តែង​ប្រើ​កម្លាំង​របស់​វា រឹត​សត្វ​នានា​រហូត​ដល់​បាក់​ឆ្អឹង​ខ្ទេច និង​ដាច់​ដង្ហើម ទើប​លេប​ទាំង​មូល​ធ្វើ​ជា​ចំណី។ ពេល​រំលាយ​ចំណី​នោះ​អស់​ពី​ក្នុង​ពស់ ទើប​វា​ចាប់​ផ្ដើម​ចេញ​ប្រមាញ់​ម្ដង​ទៀត។ ថ្លាន់​យក្ស អាច​លេប​មនុស្ស​ទាំង​មូល​បាន ប្រសិន​បើ​វា​ធំ​ដល់​កម្រិត។

កាល​ពី​ពេល​ថ្មី​ៗ​នេះ រូប​មួយ​សន្លឹក​បង្ហាញ​ពី​ថ្លាន់​យក្ស ប្រយុទ្ធ​ជាមួយ​ស្ដេច​ពស់​វែក រហូត​ដល់​ស្លាប់​រៀង​ខ្លួន ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ព្រោង​ព្រាត។ គ្មាន​នរណា​បាន​ឃើញ​សកម្មភាព​ពើប​ប្រទះ​ប្រយុទ្ធ​គ្នា និង​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​គ្នា​បែប​នេះ​នោះ​ទេ។ បើ​ពិនិត្យ​តាម​រូប​ភាព គេ​ឃើញ​ពស់​ថ្លាន់​ដ៏​ធំ ប្រឹង​រឹត​ក​ពស់​វែកយ៉ាង​ពេញ​ទំហឹង ខណៈ​ដែល​ពស់​វែក​បាន​ខាំ​ក​ពស់​ថ្លាន់​ជាប់​មិន​លែង។ សត្វ​ទាំង២ ទំនង​មិន​ព្រម​លែង​រៀង​ខ្លួន ដោយ​ប្រជែង​យក​ឈ្នះ​ទៅ​តាម​កម្លាំង ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​ឈឺ​ចាប់​រហូត​ដល់​ងាប់​ទាំង ២​ក្បាល​តែ​ម្ដង។

បើ​តាម​លោក Coleman Sheely នៅ​សារមន្ទីរ  Florida Museum of Natural History របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ហេតុការណ៍​នេះ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ប៉ុន្តែ​តែង​ជួប​ប្រទះ​ជា​ញឹក​ញាប់​នៅ​តាម​ប្រទេស​អាស៊ីអាគ្នេយ៍ ហើយ​ពស់​ទាំង ២​ក្បាល​នេះ អាច​នឹង​ប្រយុទ្ធ​គ្នា​ពេល​ជួប​ដោយ​ចៃដន្យ។ លោក​ថា ពស់​ប្រភេទ​នេះ មាន​ច្រើន​ណាស់​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍ ​ដែល​មាន​ថៃ កម្ពុជា វៀតណាម ឡាវ ជាដើម​នោះ។

បើ​តាម​អ្នក​សិក្សា​ពី​ជីវិត​សត្វ បាន​ឲ្យ​ដឹង​ថា ពស់​ទាំង​២ក្បាល​នេះ សុទ្ធតែ​ស្ថិត​ក្នុង​ចំណោម​ពស់​ប្រភេទ​ធំ​ទៅ​ហើយ។ ពស់​វែក ជា​ស្ដេច​ពស់​ដែល​ឲ្យ​ឈ្មោះ​ថា King Cobra អាច​មាន​ប្រវែង​រហូត​ដល់​ទៅ​ជាង ៥​ម៉ែត្រ​ឯណោះ។ ពស់​ប្រភេទ​នេះ ជំនាញ​ខាង​ស៊ី​ពស់​ដទៃ​ទៀត ដោយ​ឆ្មក់​ចឹក​ត្រង់​ក្បាល និង​ក រួច​ចាក់​បញ្ចូល​ពិស​តាម​ចង្កូម​រហូត​ដល់​ងាប់​តែ​ម្ដង។ ចំណែក​ហេតុការណ៍​លើក​នេះ ទំនង​ជា​ប៉ះ​ចំ​ពស់​ថ្លាន់​ធំ ហើយ​ពស់​វែក​មិន​ប្រមាណ​ខ្លួន ទើប​ប្រយុទ្ធ​ដល់​ងាប់​ទាំង២។

ចំពោះ​ពស់​ថ្លាន់​វិញ ជា​ប្រភេទ​សត្វ​ធំ​បំផុត​មួយ​លើ​លោក ដែល​អាច​លូត​ប្រវែង​ដល់​ជាង ៩ម៉ែត្រ ហើយ​អាច​លេប​មនុស្ស​បាន​យ៉ាង​ស្រួល ប្រសិន​បើ​វា​ធំ​អស់​។ មុន​ពេល​លេប​សត្វ​នានា​ជា​ចំណី ពស់​ថ្លាន់​ប្រើ​រាង​កាយ​ដ៏​រឹង​មាំ​របស់​វា រឹត​រហូត​ដល់​ទន់​ល្មម​លេប​បាន​ទាំង​មូល។ ទោះ​បែប​នេះ​ក្ដី ពស់​ថ្លាន់​មិន​ដែល​ស៊ី​ពស់​គ្នា​វា​ទេ ហើយ​ក្នុង​រូប​ភាព​នេះ​ប្រហែល​ជា​ពស់​វែក​អ្នក​បង្ក​រឿង​មុន។​

មនុស្ស និង​សត្វ សុទ្ធតែ​មាន​កំហឹង និង​អារម្មណ៍​ចង់​ឈ្នះ​ចាញ់ ពេល​ចាប់​ផ្ដើម​ឈ្លោះ​ជាមួយ​នរណា​ម្នាក់។ គ្រប់​គ្នា​សុទ្ធតែ​ដឹង​ថា ការ​ឈ្លោះ​ប្រកែក​ដោយ​ហិង្សា ច្បាស់​ណាស់​គ្មាន​ផល​ចំណេញ​ឡើយ ប៉ុន្តែ​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន នៅ​ពេល​មាន​បញ្ហា​ម្ដងៗ។ នៅ​ពេល​មាន​បញ្ហា មនុស្ស​គ្រប់​រូប​ សុទ្ធតែ​គិត​ថា​ខ្លួន​ឯង​ខ្លាំង ខ្លួន​ឯង​មាន​ប្រៀប​ជាង មិន​សូវ​គិត​ដល់​ចំណុច​ខ្សោយ​នោះ​ទេ។

ជាក់​ស្ដែង ដូច​ជា​ពស់​ទាំង​២ក្បាល​នេះ ប្រយុទ្ធ​គ្នា​រហូត​ដល់​ងាប់​រៀង​ខ្លួន គ្មាន​អ្វី​ជា​ផល​ចំណេញ​ឡើយ។ ប្រសិន​បើ​លែង​ម្នាក់​បន្តិច រួច​បែក​ផ្លូវ​រៀង​ខ្លួន ប្រាកដ​ជា​គ្មាន​រឿង​បែប​នេះ​កើត​ឡើង​នោះ​ទេ។ គួរ​ចាំ​ថា ការ​ខ្លាំង​អាង​ខ្លួន​ធំ​ដាក់​គ្នា គ្មាន​នរណា​បាន​សុខ​ឡើយ គឺ​មាន​តែ​ស្ដាយ​ក្រោយ នឹង​គ្រោះ​ថ្នាក់​ដែល​កើត​ឡើង​ក្រោយ​កំហឹង​មួយ​ឆាវ​ប៉ុណ្ណោះ៕