អ៊ីរ៉ង់៖ «គូស្នេហ៍អមតៈ» មួយគូដែលបានស្លាប់ក្នុងកាយវិការឱបថើបគ្នាពោរពេញដោយភក្តីភាព បានបន្តឋិតថេរ អស់រយៈពេលជាង ២៨០០ឆ្នាំ ហើយពួកគេទាំងពីរបានធ្វើឱ្យក្រុមអ្នកបុរាណវិទ្យា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានរុករកឃើញបែបនេះ។គ្រោងឆ្អឹងរបស់អ្នកទាំងពីរ ត្រូវបានរកឃើញនៅក្នុងឆ្នាំ១៩៧២ ស្ថិតនៅក្នុងកន្លែងចាក់សំរាមមួយកន្លែងនៅ Hasanlu, Solduz Valley ខេត្តWest Azerbaijan ប្រទេសអ៊ីរ៉ង់ ។
ចាប់តាំងពីពេលនោះមក មានការងឿងឆ្ងល់ជាច្រើន អំពីកាយវិការឱបថើបគ្នាយ៉ាងផ្អែមល្ហែមរបស់គ្រោងឆ្អឹងសាកសពគូស្នេហ៍នេះ ថាតើមានរឿងអ្វីពិតប្រាកដដែលបានកើតឡើងចំពោះពួកគេ។ពួកអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Pennsylvania បានរកឃើញថា គូស្នេហ៍ Hasanlu នេះ បានស្លាប់រួមគ្នាយ៉ាងស្និទ្ធស្នាលបែបនេះ ក្នុងអំឡុងប្រហែលឆ្នាំ ៨០០មុនគ្រឹស្តសករាជ។ពួកគេបានប៉ាន់ស្មានថា គ្រោងឆ្អឹងអ្នកទាំងពីរមានរយៈពេល ២៨០០ ឆ្នាំ ។ អ្នកទាំងពីរមានកម្ពស់ ៥ហ្វ៊ីត និង ២អ៊ីង (ប្រហែល ១.៥៨ម៉ែត្រ)។
ទោះយ៉ាងណា គ្មាននរណាអាចដឹងពីរឿងរ៉ាវពិតរបស់ពួកគេបានទេ ។ ពួកគេគ្រាន់តែអាចវាយតម្លៃថា កាលនៅមានជីវិត ពួកគេពិតជាស្រលាញ់គ្នាខ្លាំងណាស់ ព្រោះថាសូម្បីតែស្លាប់ក៏ពួកគេពុំបានឃ្លាតឆ្ងាយពីគ្នាដែរ ៕