ថៃ៖ វាជារឿងគួរឲ្យភ្ញាក់ផ្អើល និងនឹកស្មានមិនដល់មួយ ដែលសាកសពសល់តែគ្រោងឆ្អឹងបុរសម្នាក់នៅក្នុងរថយន្តលិចទឹកកប់ភក់នៅស្រុកមួង ត្រូវបានគេរកឃើញដោយគេសន្និដ្ឋានថា គឺជាវិស្វករមួយរូបដែលបានបាត់ខ្លួនកាលពី ៧ឆ្នាំមុន។ជនរងគ្រោះមានឈ្មោះ រើងរឹទ្ធ ចិត្តធម៌ អាយុ៣២ឆ្នាំ រស់នៅខេត្តខុនគែន បានបាត់ខ្លួននៅក្នុងឆ្នាំ ២០១១។ រថយន្តលិចទឹកមួយនេះ ត្រូវបានរកឃើញដំបូងដោយអត្តពលិកកីឡាទ្រីយ៉ាត្លុង (រត់+ហែលទឹក+ជិះកង់) ដែលកំពុងរៀនហែលទឹកនៅវាល ណងណាមខោវ តំបន់ថាឆាង ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចទើបបង្កឱ្យមានការភ្ញាក់ផ្អើលឡើង។
តាមរយៈអាជ្ញាធរបានឱ្យដឹងថា គ្រោងឆ្អឹងត្រូវបានរកឃើញ ជាមួយនឹងដបថ្នាំសម្លាប់សត្វល្អិត គ្រឿងអលង្ការមានតម្លៃ និងអត្តសញ្ញាណប័ណ្ណនៅក្នុងខ្មោចរថយន្តនោះ។វរសេនីយ៍ឯកលោក ស្រ៊ីចាន់ ជាអនុប្រធានស៊ើបអង្កេតប្រចាំប៉ុស្ដិ៍ប៉ូលិសស្រុកមួង ខេត្តចាន់បុរី បានអះអាងថា តាមរយៈការត្រួតពិនិត្យស្លាកលេខឡានបង្ហាញថា ម្ចាស់រថយន្តពិតប្រាកដអាយុ ៣៥ឆ្នាំ ជារបស់សាស្ត្រាចារ្យសាកលវិទ្យាល័យមួយរស់នៅខេត្តភាគខាងត្បូងប្រទេស។
នារីម្នាក់ប្រាប់ថាទាំងទឹកភ្នែករលីងរលោងថា ឆ្អឹងទាំងនោះជារបស់មិត្តប្រុសរបស់នាង ដែលបានបាត់ខ្លួនកាលពី ៧ឆ្នាំមុន។កាលពីឆ្នាំ២០១១គ្រួសារសាច់ញាតិជនរងគ្រោះបានដាក់ពាក្យបណ្ដឹងពីការបាត់ខ្លួនរបស់គេ ទៅកាន់ប៉ូលិស ប៉ុន្តែគ្មានដំណឹងអ្វីសោះឡើយ។
យោងតាមប្រភពដដែលបន្តថា អំឡុងពេលបាត់ខ្លួន រើងរិទ្ធ ធ្វើការជាវិស្វករក្នុងរោងចក្រក្រដាសមួយកន្លែងក្នុងខេត្តប្រាឈីនបុរី ហើយមុនពេលបាត់ខ្លួន គាត់បានទៅលេងនាងនៅសកលវិទ្យាល័យក្នុងខេត្តចន្ទបុរី។ពេលនោះ នាងកំពុងសិក្សាថ្នាក់អនុបណ្ឌិត ពេលចេញពីរៀនព្រឹក នាងក៏បានឲ្យមិត្តប្រុសជូនទៅផ្ទះវិញ។ អំឡុងពេលជជែកគ្នាលេងតាមផ្លូវ គាត់បានប្រាប់នាងថា
គាត់ធុញថប់តប់ប្រមល់ខ្លាំងណាស់ដោយសារការងារ និងរឿងគ្រួសារ។នាងបាននិយាយផ្ដល់កម្លាំងចិត្ត កុំឲ្យគិតច្រើនពេក និងប្រាប់គាត់ឲ្យទៅយកនាងនៅម៉ោង ៨យប់ក្រោយរៀនចប់នៅថ្ងៃដដែល។ប៉ុន្តែនៅយប់នោះ គាត់មិនបានមកយក និងមិនអាចទាក់ទងតាំងពីពេលនោះមករហូត។ ការស៊ើបអង្កេតបានរកឃើញថា គាត់ទំនងជាធ្វើអត្តឃាតបើកចូលទន្លេ ដោយយោងទៅតាមវត្ថុតាងបន្សល់ទុកក្នុងរថយន្ត៕ ប្រភព៖ ហ្វេសប៊ុក