ថៃ៖ ថ្មីៗនេះ ក្រុមចម្រៀង BLACKPINK បានប្រកាសសម្តែងបិទការប្រគំតន្រ្តី «BLACKPINK world tour in your area 2019» របស់ខ្លួន ដែលនឹងធ្វើនៅឯប្រទេសថៃ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៣ និង១៤ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។ កាលពីថ្ងៃទី១១ ខែឧសភា នេះផងដែរ ផលិតកម្ម YG បានប្រកាសបើកដំណើរការ លក់សំបុត្រការប្រគំតន្រ្តីនៅប្រទេសថៃរយៈពេល ២ថ្ងៃនេះជាផ្លូវការ ឃើញថាមានអ្នកគាំទ្ររាប់ពាន់ម៉ឺននាក់ សម្រុកចូលទិញទាំងនៅលើវេបសាយ និងនៅកន្លែងលក់សំបុត្រផ្ទាល់ផងដែរ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺសំបុត្រការប្រគុំតន្ត្រី ទាំង២ថ្ងៃនេះ ដាក់លក់មិនដល់ ១ម៉ោងផង បានលក់ដាច់អស់ខ្ទេចគ្មានសល់ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្សេងទៀត ដែលទិញសំបុត្រមិនទាន់ មានការសោកស្តាយយ៉ាងខ្លាំង។ ប៉ុន្តែដោយសារតែ មានការសំណូមពរច្រើនពីអ្នកគាំទ្រ ទៅកាន់ផលិតកម្ម YG ទីបំផុតពួកគេក៏បានសម្រេចចិត្ត បន្ថែមថ្ងៃ Concert ភ្លាមៗ ថែម១ថ្ងៃទៀត គឺនៅថ្ងៃទី១២ ខែកក្កដា តែនៅតែមិនអាចទប់ទល់នឹងចំនួនអ្នកគាំទ្របាន ពោលគឺ សំបុត្រប្រមាណ ១៥ ០០០ពាន់សំបុត្រ ក៏ត្រូវបានលក់អស់ត្រឹមរយៈពេល ៣០នាទីផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់ក្រុមចម្រៀងនារី BLACKPINK កំពុងតែល្បីល្បាញរីកសុះសាយទូទាំងពិភពលោក វាយលុកខ្លាំងទាំងនៅទ្វីបអឺរ៉ុប និងអាស៊ី ហើយរាល់ការប្រគំតន្រ្តីរបស់ពួកគេប្រមាណជាង ២០តំបន់មកនេះ សុទ្ធសឹងតែលក់សំបុត្រអស់មុនពេលកំណត់គ្រប់ពេល៕