កាលពីប៉ុន្មានម៉ោងមុននេះក្នុងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថានទូតចិនប្រចាំកម្ពុជាបានចេញសេចក្ដីប្រកាសអំពីស្ថានភាពនៃការស៊ើបអង្កេតលើវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធើណេត គំរាមបង្កអសន្តិសុខនៅខេត្តព្រះសីហនុ។ខាងក្រោមនេះជាអត្ថន័យនៃសារទាំងស្រុងមានដូចតទៅ៖
សេចក្ដីជូនដំណឹងរបស់ស្ថានទូតចិនប្រចាំកម្ពុជាអំពីស្ថានភាពនៃការស៊ើបអង្កេតលើវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធើណេត
ក្នុងពេលថ្មីៗនេះ នៅលើប្រព័ន្ធអ៊ីនធើណេតមានវីដេអូខ្លីមួយសង្ស័យពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត ដែលថតដោយបុរសជាងដប់នាក់ដោយហៅខ្លួនឯងថាមកពីទីក្រុងChongqing ប្រទេសចិនហើយនិយាយក្អេងក្អាងថានឹងបំពុលដល់សន្តិសុខរបស់ខេត្តព្រះសីហនុ។
ក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់របស់សមត្ថកិច្ចចិន រកឃើញថា វីដេអូនេះត្រូវបានថតដោយជនជាតិចិនមកពីទីក្រុង Chongqing ដែលបានមកធ្វើការនៅប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំនេះ ហើយក្រោយពីស្រវឹងស្រារួច ពួកគេបានថតវីដេអូមិនល្អបែបនេះ ដោយគ្រាន់ជាការលេងសើចប៉ុណ្ណោះ។ បុគ្គលទាំងឡាយនៅក្នុងវីដេអូនេះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ។
ឆ្នាំនេះគឺជាឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា ភាគីទាំងពីរនឹងចាត់វិធានការណ៍ជាក់ស្ដែង ធ្វើឲ្យកាន់តែស៊ីជម្រៅលើកិច្ចសហការផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ ដែលនឹងនាំមកនូវភាពសុខដុមរមនា និងអត្ថប្រយោជន៍ជូនដល់ប្រជាជនប្រទេសទាំងពីរ។