ប្រុងប្រយ័ត្នផង! សង្ស័យពុលផ្សិត ធ្វើឱ្យស្ត្រីម្នាក់ស្លាប់ និង៤នាក់កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ នៅខេត្តព្រះសីហនុ

0
1519
Loading...

ព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ បើយោងតាមលោកវេជ្ជបណ្ឌិតសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឲ្យដឹងថា មានអ្នកជំងឺស្រ្តីម្នាក់បានស្លាប់ និង៤នាក់ បានសង្គ្រោះបន្ទាន់ បន្ទាប់ពីបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យនេះ ។លោកបន្តថា អ្នកជំងឺទាំង ៥នាក់នោះ ត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយម្នាក់ៗមានអាការៈឈឺចុកចាប់ពេញខ្លួន និងមានសភាពធ្ងន់ធ្ងរខ្លាំង។

លោកក៏បានបន្តថា អ្នកជំងឺទាំងនោះ គឺជាប្រជាពលរដ្ឋរស់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ហើយទំនងជាបានពុលផ្សិត ព្រោះតាមការអះអាង របស់សាច់ញាតិ គឺក្រោយពួកគាត់បានទទួលទាន មុខម្ហូបចំអិនពីបន្លែផ្សិត ក៏កើតមានអាការៈមិនស្រួលខ្លួន ក្អួតចង្អោរ និងចុកចាប់ក្នុងខ្លួនពិបាកដកដង្ហើមជាដើម ហើយមានអ្នកជំងឺស្ត្រីម្នាក់បានស្លាប់ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

ក្រុមគ្រូពេទ្យបន្តថា ស្ត្រីម្នាក់ ដែលបានជួបគ្រោះថ្នាក់ដល់អាយុជីវិតនេះ គឺស្ថិតក្នុងចំណោមអ្នកជំងឺធ្ងន់ទាំង៥នាក់។ រូបគាត់បានស្លាប់ ក្រោយពេលបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែគួរឲ្យសោកស្តាយ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតបាន ដោយសារតែសភាពអ្នកជំងឺធ្ងន់ធ្ងរ ឬបញ្ជូនមកសង្គ្រោះយឺតពេលពេក៕ ប្រភព៖ ហ្វេសប៊ុក