ថៃ៖ ថ្មីៗនេះ មានរឿងរ៉ាវហួសចិត្តមួយរបស់នារីម្នាក់ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់គណនីហ្វេសប៊ុក Alisa Kingkan នៅក្នុងប្រទេសថៃ បានបង្ហោះសារមួយអមដោយរូបភាព បង្ហាញពីការហួសចិត្ត ហើយនឹកស្មានមិនដល់ចំពោះការចាក់សាក់របស់ខ្លួនឯង។
រឿងរា៉វមួយនេះនាង Alisa Kingkan បានរៀបរាប់ឲ្យដឹងថា នាងបានដើរលេងក្នុងផ្សាររាត្រីជាមួយនឹងបងស្រីរបស់នាង ក៏បានសម្រេចចូលសាក់ក្នុងហាងមួយកន្លែង បន្ទាប់ពីដើរឃើញហាងនោះ ដោយមានបង្ហាញតម្លៃសាក់ គឺចាប់ ២០បាតឡើងទៅ (ប្រហែល ០.៦០ដុល្លារ)។
ក្នុងនោះដែរ នាងបានសម្រេចជ្រើសរើសរូបផ្កាម្យ៉ាងស្រដៀងនឹងផ្កាស្មៅ ដែលនាងពេញចិត្ត។ ផ្កានោះមានឈ្មោះជាភាសាអង់គ្លេសថា Dandelion ហើយតម្លៃសម្រាប់ការសាក់នេះគឺ ចំនួន ៣០០បាត (ប្រហែល ៩ដុល្លារ) ដែលបានកំណត់ដោយម្ចាស់ហាង។
ការសាក់ទើបតែចាប់ផ្ដើមបានប៉ុន្មាននាទី នាងក៏ចាប់ផ្ដើមមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះម្ចាស់ហាងសាក់ ក៏ជាអ្នកសាក់ដោយផ្ទាល់ដែរ បានជក់បារីបណ្ដើរ ផឹកស្រាបណ្ដើរ ខណៈពេលកំពុងសាក់នេះ។
រឿងហួសចិត្តខ្លាំងនោះ គឺក្រោយពេលសាក់ចប់ភ្លាម នាងបានទៅឆ្លុះកញ្ចក់មើលស្នាមសាក់ភ្លាមៗ មានអីស្រាប់តែនាងទ្រហោយំតែម្ដង ហើយថែមទាំងទៅប្ដឹងប៉ូលីសទៀតផង ដោយសារតែស្នាមសាក់ដែលនាងទទួលបាន គឺវាអាក្រក់លើសពីអ្វីដែលនាងគិតទៅទៀត។គួរបញ្ចាក់ផងដែរ នាងមិនបញ្ជាក់ថាបងស្រីទៅណាឡើយពេលកំពុងតែសាក់នេះ៕
សូមទស្សនារូបភាពស្នាមសាក់ខាងក្រោមនេះ៖