ព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការចូលរួមពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារលើក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួន
មកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹកស្រស់ ជ្រក់ឪឡឹក បន្លែ ប្រហិត ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ ៣តូប(តូបលេខ៧៨៧, ៧៨៨, ៧៩០) និងដកហូតបង្គា ៤៣.៥០គីឡូក្រាម។
បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោលតាមនីតិវិធី និងបានឲ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត ហើយមន្រ្តីសាខាកាំកុងត្រូល បានណែនាំដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព
លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់៕