ប្រជាជនកម្ពុជាសុទ្ធតែបានដឹងថាជប៉ុនជាប្រទេសផ្ដល់ជំនួយដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការអភិរក្ស ជាដើម ។ តែយើងមិនដែលបានធ្លាប់លឺឬស្គាល់ជនជាតិជប៉ុនដែលជាបុគ្គលដ៏សំខាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និង ទ្រព្យសម្បត្តិ ជួយដល់ប្រជាជន និង ប្រទេសកម្ពុជាឡើង ។ តទៅនេះសូមបង្ហាញមុខលោកតា និង លោកយាយ ជប៉ុន ២ រូប តែងជួយកម្ពុជារហូតមក៖
១. លោកសាស្រ្តាចារ្យ Takeshi Nakagawa
លោកសាស្រ្តាចារ្យ Takeshi Nakagawa្ បានដឹកនាំក្រុមរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារ ប្រាសាទអង្គរដែលបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៤ និង បានអនុវត្តនូវគម្រោងអភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងបានចូលរួមក្នុងកិច្ចការជួសជុលបណ្ណាល័យខាងជើងនៃប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន ។
ចាប់ពីឆ្នាំ២០០៥ គម្រោងជួសជុលប្រាសាទបាយ័នត្រូវបានអនុវត្តរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ក្រោមឈ្មោះ JASA ហើយតាមរយៈគម្រោងជួលជុលរួមគ្នានេះ គឺបានចូលរួមបង្កើនសមត្ថភាពអ្នកបច្ចេកទេសជាច្រើនរូប ។ លោកសាស្រ្តាចារ្យ ក៏បានធ្វើការស្រាវជ្រាវបឋមលើប្រាសាទព្រះវិហារ និង ការអភិរក្សតំបន់សំបូរព្រៃគុកទៀតផង ។
ដោយសារកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទបុរាណនៅកម្ពុជា អស់ជាង ២០ឆ្នាំ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ លោកសាស្រ្តាចារ្យ Takeshi Nakagawa ជាសហប្រធានគម្រោងជប៉ុន-អប្សរា ការពារប្រាសាទអង្គរ (JASA) បានទទួលលិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុន ដែលជាការលើកទឹកចិត្តចំពោះ លោកសាស្រ្តាចារ្យទៅលើការថែរក្សាបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និង ការពង្រឹងចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា ។
គួរបញ្ចាក់ផងដែរថាលោកគឺសាស្រ្តាចារ្យ Takeshi Nakagawa គឺជាស្ថាបត្យករដ៏លេចធ្លោ និង ជាសាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យវ៉ាសេដានៅប្រទេសជប៉ុន។
២. លោកយាយ Osanai Mieko
បច្ចុប្បន្ននេះ លោកយាយ Osanai Mieko មានអាយុ៨៩ឆ្នាំ ជាស្ថាបនិកអង្គការ JAPAN TEAM OF YOUNG HUMAN POWER (JHP) បានជួយកសាងសាលារៀនចំនួន ៣៤៧ខ្នង ដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ មកម៉្លេះ ។លោកយាយ Osanai Mieko ក៏បានជួយប្រទេសផ្សេងៗជាច្រើនទៀត។ លោកយាយបានកសាងសាលារៀន កន្លែងជ្រោកកោន សម្រាប់ជនភៀសខ្លួនដោយសារសង្គ្រាមដូចជា ប្រទេសនៅក្នុងទ្វីបអាហ្វ្រិក នេប៉ាល់ ឡាវ ឥណ្ឌា អ៊ីរ៉ាក់ អាហ្វហ្គានីស្ថានជាដើម ។ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំនោមប្រទេសផ្សេងៗទៀតដែលលោកយាយបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និង ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយដល់ប្រជាជនខ្មែរ ឱ្យរួចផុតពីបន្ទាត់ក្រីក្រតាមរយៈវិស័យអប់រំ ។
ក្រៅពីជួយសាងសង់សាលារៀនរាប់រយខ្នង ដោយបានបំពាក់បរិក្ខារួចជាស្រេចនេះ លោកយាយបានចូលរួមចំណែកកសាងនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅកម្ពុជា ដូចជា កសាងផ្លូវ ប្រព័ន្ធទំនប់ការពារទឹកជំនន់ លូ ប្រព័ន្ធទឹកស្អាត អណ្ដូង ជាពិសេសជួយ ផ្ដល់ជាសំភារៈផ្សេងៗ ដែលប្រជាជនកម្ពុជាកំពុងត្រូវការ និង តម្រូវការចាំបាច់នាពេលបច្ចុប្បន្ននេះ ៕