Loading...
ហ្សាការតា៖ ភ្នំភ្លើង Agung ដែលស្ថិតនៅលើកោះបាលីប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងសារជាថ្មីម្តងទៀត នាយប់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ និង បានបញ្ចេញផេះ និងកម្អែរភ្លើងដ៏ក្តៅគគុក ដែលហូរចុះពីមាត់ភ្នំប្រវែង ៣គីឡូម៉ែត្រ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ។
ការផ្ទុះនេះក៏បានបណ្តាលឲ្យមានកម្ទេចភ្លើង និងដុំថ្ម ខ្ទាតទៅលើតំបន់ដែលស្ថិតនៅចម្ងាយពី ២ ទៅ ៣គីឡូម៉ែត្រ ពីមាត់ភ្នំភ្លើងនេះផងដែរ។ អាជ្ញាធរឥណ្ឌូណេស៊ី បានកំណត់កម្រិតប្រុងប្រយ័ត្នសម្រាប់ភ្នំភ្លើង Agung នៅកម្រិតលេខបី ដែលប្រជាជន និងភ្ញៀវទេសចរទាំងអស់ ត្រូវបានហាមឃាត់មិនឲ្យស្ថិតនៅក្នុងតំបន់ក្រហមឡើយ គឺរង្វង់ចម្ងាយ៤គីឡូម៉ែត្រពីវា។ គួរឱ្យដឹងផងដែរថា ភ្នំភ្លើង Agung ស្ថិតនៅភាគខាងកើតនៃកោះបាលី បានបន្តបញ្ចេញសកម្មជាប់រហូតមក តាំងពីឆ្នាំ ២០១៧ ហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន វាក៏បានផ្ទុះដូច្នេះដែរ៕ ប្រភព៖ ស៊ិនហួរ