ពេលនេះខាងរដ្ឋបាលស្រុកស្វាយលើ ចេញសេចក្តីបំភ្លឺជុំវិញហ្វេសប៊ុកចំនួនពីរ (ឈ្មោះ កូននាក់ស្វាយលើ និង មេផ្ទះ Housewife) បានបង្ហោះខ្លឹមសារទាក់ទងទៅនឹងការបម្រើសេវាអត្រានុកូលដ្ឋានយឺតយ៉ាវ និងរូបភាពរបស់មន្ត្រីកំពុងមើលទូរស័ព្ទកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ។
តាមខ្លឹមសារនៃលិខិតបំភ្លឺនេះ បានឲ្យដឹងថា៖
១. កន្លងមក រដ្ឋបាលស្រុក បានបម្រើសេវាសាធារណៈ ផ្នែកការងារអត្រានុកូល ដ្ឋានមិនដែលឲ្យលើសពីរយៈពេលបីថ្ងៃទេ ហើយពេលខ្លះឲ្យប្រជាពលរដ្ឋ គាត់រង់ចាំតែតែរយៈពេលកន្លះម៉ង ទៅពីរម៉ោង អាចទទួលបានសេវាប្រភេទនេះយកទៅប្រើប្រាស់បានហើយ លើកលែងតែការស្នើសុំកែតម្រូវទិន្នន័យ អត្រានុកូលដ្ឋាន ទើបត្រូវប្រើរយៈពេលយូរលើសពីមួយខែ ព្រោះមាននីតិវិធីច្រើនត្រូវដាក់ឆ្លងជូនក្រសួងមហាផ្ទៃពិនិត្យ សម្រេច ។ ខ្លះទៀត ពេលមករកសេវាប្រភេទនេះនៅថ្នាក់ស្រុក តែពួកគាត់មិនមានឯកសារអ្វីទាំងអស់ និង មិនដឹងធ្វើនៅឆ្នាំណា ដូច្នេះមន្ត្រីអត្រានុកូលដ្ឋានពិបាកស្វែងរកមិនដឹងថា គាត់បានធ្វើ ឬមិនបានធ្វើ ទើបធ្វើឲ្យមានការយឺតយ៉ាវខ្លះក្នុងការស្វែងរក តែក៏មិនយឺតយ៉ាវរហូតដល់កន្លះខែ ឬមួយខែដូចការចោទប្រកាន់ដែរ ។
២. ចំពោះរូបភាពដែលចោទប្រកាន់មន្ត្រីដែលមើលទូរស័ព្ទដៃ គឺពួកគាត់មានចេតនាលួចថតមន្ត្រីពេលម៉ោងសម្រាកពីការងារ ក្នុងគោលបំណងធ្វើឲ្យអាប់ឱនស្ថាប័ននៃរដ្ឋបាលស្រុកទាំងមូល ព្រោះនៅពេលខ្លះ មន្ត្រីយើងប្រើទូរស័ព្ទដើម្បីធ្វើការទំនាក់ទំនងការងាររដ្ឋបាលផ្សេងៗផងដែរ ម្យ៉ាងមន្ត្រីខ្លះទៀតឆ្លៀតពេលធ្វើការងារ ក្នុងចន្លោះម៉ោងសម្រាកម្ដងម្កាល ដើម្បីឲ្យសម្រេចបាន តាមការកំណត់របស់ការងារដែលប្រញាប់ ហើយពេលកោះប្រជុំជាមួយមន្ត្រីអត្រានុកូលដ្ឋានភ្លាម ហើយមន្ត្រីទាំងអស់បានឆ្លើយបំភ្លឺថា កន្លងមក មិនដែលមានប្រជាពលរដ្ឋណាមកឲ្យរកសំបុត្រអត្រានុកូលដ្ឋានដែលបាត់ ហើយរកមិនឃើញហួសពីកន្លះខែទៅមួយខែនោះទេ គឺរដ្ឋបាលស្រុក តែងតែឆ្លើយតបទៅសាម៉ីជនវិញ ប្រសិនបើករណីរកមិនឃើញក្នុងសៀវភៅអត្រានុកូលដ្ឋាន ដែលរក្សានៅសាលាស្រុក ។
ដូច្នេះបើម្ចាស់អាខោនទាំងពីរនេះ ធ្លាប់បានមករកសេវាប្រភេទនេះពីរដ្ឋបាលស្រុកស្វាយលើកន្លងមកមែន សូមមកទំនាក់ទំនងផ្ទាល់ ដើម្បីរដ្ឋបាលស្រុកដើម្បីងាយស្រួលក្នុងការស្វែងរកជូនឲ្យបានលឿន៕ ប្រភព៖ហ្វេសប៊ុក