ព្រះសីហនុ៖ កម្លាំងអាវុធហត្ថក្រុងព្រះសីហនុ បានបង្ក្រាបករណីចាប់បង្ខាំងជំរិតទារប្រាក់ពីជនជាតិចិនម្នាក់ ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ ។ជនសង្ស័យឈ្មោះ ថាន់ ពិសិដ្ឋ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាអ្នកបើកបរ ស្នាក់នៅបណ្តោះអាសន្ន ក្នុងកាស៊ីណូ New Golden Wealth Casino ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យ និងបក្ខពួកបានចាប់ដាក់ខ្នោះ និងវាយទៅលើជនរងគ្រោះជាជនជាតិចិន។ ក្រោយធ្វើការសាកសួរ ជនសង្ស័យបានសសារភាពថា ខ្លួនបានទទួលទូរស័ព្ទពីបក្ខពួករបស់ខ្លួន នៅទីក្រុងបាវិត ខេត្តស្វាយរៀង ឲ្យតាមចាប់ជនរងគ្រោះដែលបានគេចមកខេត្តព្រះសីហនុ ដើម្បីយកទៅក្រុងបាវិតវិញ។

រីឯជនរងគ្រោះវិញឈ្មោះ តាំង ជន ភេទប្រុស ជនជាតិចិន អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានរបួសត្រង់ដៃ ក្បាល និងក្បាលជង្គង់។បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការសាកសួរតាមនីតិវិធីបន្ត ខណៈបក្ខពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន៕