ភ្នំពេញ៖ នាវេលាម៉ោងជិត០២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីអំពេីហិង្សា នៅក្នុងហាងខារ៉ាអូខេមួយកន្លែងឈ្មោះ ‹‹សប្បាយៗ KTV›› បង្កឡេីងដោយភាគីជនជាតិចិនមួយក្រុមស្រវឹងទាត់ធាក់ក្បាល នារីបម្រេីខារ៉ាអូខេម្នាក់ ប៉ុន្តែត្រូវបានក្រុមសន្តិសុខសម្របសម្រួល ជាករណីហិង្សាធម្មតាទៅវិញ ដែលហេតុការណ៍នេះបានកើតឡើង នៅតាមបណ្ដោយផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅក្បែរកន្លែងកើតហេតុថាបានឲ្យដឹងថា មុនកើតហេតុមានជនជាតិចិនមួយក្រុម បានចូលមកហូបចុកច្រៀងខារ៉ាអូខេក្នុងហាងខាងលើ ស្រាប់តែក្រុមជនជាតិចិនទាំងនោះ បានបង្កហិង្សាទាត់ធាក់ក្បាលនារីបម្រេីខារ៉ាអូខេម្នាក់ បង្កការភ្ញាក់ផ្អើលពេញខារ៉ាអូខេខាងលេី ទេីបក្រុមសន្តិសុខចុះទៅឃាត់ជនជាតិចិនម្នាក់ ក្នុងចំណោមក្រុមជនជាតិចិន មានគ្នាប្រមាណជិត១០នាក់នោះ ដេីម្បីធ្វេីការដោះស្រាយគ្នាមួយជំហានសិន។
តែដោយសារមានការសម្របសម្រួលពីក្រុមសន្តិសុខ ដេីម្បីកុំអោយមានរឿងវែងឆ្ងាយ និងកុំឱ្យប៉ះពាល់ដល់ហាងទៀតនោះ នារីរងគ្រោះ ទាមទារជម្ងឺចិត្ត ២០០ដុល្លារ ហេីយជនជាតិចិននោះ ក៏យល់ព្រមដេីម្បីបញ្ចប់រឿងផងដែរ រួចក៏គិតលុយចេញទៅបាត់អស់។ នារីរងគ្រោះមានឈ្មោះ លីនដា អាយុ២០ឆ្នាំជាង ធ្វេីការក្នុងហាងខារ៉ាអូខេកេីតហេតុខាងលេី ។
ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន មានទាំងលោកមេប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះមកដល់ទីតាំងខាងលើផងដែរ រួចសាកសួរក្រុមសន្តិសុខ តែដោយសារភាគីបង្ក និងភាគីរងគ្រោះ ដោះស្រាយគ្នាបញ្ចប់រឿងទៅបាត់អស់ហេីយ ទេីបលោកមេប៉ុស្តិ៍នគរបាលផ្សារដេីមថ្កូវ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន ចាកចេញទៅវិញ៕