បន្ទាយមានជ័យ៖ មេក្លោងជាជនជាតិចិនចំនួន ២រូប ត្រូវបានកម្លាំងនគរបាល ធ្វើការបង្ក្រាប និងបានរំដោះចំណាប់ខ្មាំងជាជនជាតិចិនដូចគ្នាចំនួន ៤នាក់ ក្នុងករណីបង្ខាំង ចាប់ជំរិតទារប្រាក់ដ៏ធំមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ
លោកឧត្តមសេនីយ៍ផ្កាយ៣ ជា ពៅ បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីជនជាតិចិនឈ្មោះ ZHANG JIANZHONG ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរបុគ្គលិកសិប្បកម្មផលិតស័ង្កសី (កាន់លិខិតឆ្លងដែនលេខ E09687514) លើបទល្មើសមួយនេះ។
ដោយមានបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ រៀល សុភា សហការជាមួយកម្លាំង នៃនាយកដ្ឋានប្រឆាំងនឹងល្បែងពាណិជ្ជកម្ម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ កែវ លី ព្រមទាំងសហការជាមួយកម្លាំងពីអធិការក្រុងប៉ោយប៉ែត នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ បានបើកការស៊ើបអង្កេត និងបំបែកសំណុំរឿងចាប់ជំរិតទារប្រាក់ដ៏ធំមួយ ដោយបង្ខាំងជនរងគ្រោះនៅផ្ទះជួលមួយកន្លែង នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយជាលទ្ធផលកម្លាំងបានរំដោះចំណាប់ខ្មាំងចំនួន ៤នាក់ ដោយសុវត្ថិភាព និងចាប់បានមេក្លោងជនជាតិចិន ២នាក់ ។បច្ចុប្បន្ន នាយកដ្ឋានបាបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ផងដែរ ជនសង្ស័យទី១ ឈ្មោះ Wang Daodong ជនជាតិចិន ភេទប្រុស ៤៩ឆ្នាំ (កាន់លិខិតឆ្លងដែនលេខ E076741755) និងទី២ ឈ្មោះ JIANG FENG អាយុ៣៨ឆ្នាំ (មិនមានលិខិតឆ្លងដែន)៕ ប្រភព៖ ហ្វេសប៊ុក