ភ្នំពេញ៖ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ត្រីម្នាក់ត្រូវបានក្រុមខ្មាន់កាំភ្លើង២នាក់ បាញ់ចំភ្លៅបណ្តាលឲ្យរងរបួសធ្ងន់ ក្នុងក្លឹប «លុច្សសារី» ស្ថិតនៅផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៥៣ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវរងរបួសចំភ្លៅខាងស្តាំចំនួនមួយគ្រាប់ ហើយពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ចំណែកខ្មាន់កាំភ្លើងទាំង២នាក់នោះវិញ សមត្ថកិច្ចនៅមិនទាន់កំណត់អត្ដសញ្ញាណបាននៅឡើយទេ គ្រាន់តែដឹងថាអាយុប្រហែល ៣០ឆ្នាំ បានប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក ចំនួន២ដើម (ម្នាក់ដើម) ធ្លាប់ទំនាក់ទំនងដើរលេងស្គាល់គ្នាជាមួយនឹងជនរងគ្រោះ។
យ៉ាងណាមិញ សមត្ថកិច្ចបានអះអាងថា ករណីផ្ទុះអាវុធ បណ្តាលឲ្យរងរបួសបែបនេះ គឺផ្តើមចេញពីការប្រច័ណ្ឌ ហើយរហូតមកដល់ពេលនេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ កំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យ ដើម្បីឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕ប្រភព៖ ហ្វេសប៊ុក