អុញនោះ! ចាប់ឃាត់ខ្លួន មន្ដ្រីនគរបាលស័ក្តិ៤កន្លះ នៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

0
35636
Loading...

សៀមរាប៖ មន្ដ្រីនគរបាលម្នាក់ពាក់ស័ក្ដិ៤កន្លះ នៅក្រសួងមហាផ្ទៃ ត្រូវបានចាប់ខ្លួន ដោយកម្លាំងនគរបាលខេត្តសៀមរាប តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ដែលបក្ខពួករបស់ខ្លួនបានសារភាព។

នគរបាលពាក់ស័ក្ដិ៤កន្លះ ឈ្មោះ ប៊ុត លីវង្ស

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះថា ឈ្មោះ ប៊ុត លីវង្ស អាយុ៣០ឆ្នាំ ជាមន្ដ្រីនគរបាលថ្នាក់វរសេនីយ៍ទោ នៅក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងនគរបាលរបស់លោក កាលពីប៉ុន្មានថ្ងៃមុននេះចាប់ខ្លួនបាន តាមដីការបស់តុលាការ ហើយត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនបាត់ទៅហើយ។

នគរបាលពាក់ស័ក្ដិ៤កន្លះ ឈ្មោះ ប៊ុត លីវង្ស

លោកបានបន្ថែមទៀតថា ការឃាត់ខ្លួនមន្ដ្រីនគរបាលរូបនេះ បានកើតមានឡើង បន្ទាប់ពីសមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន២នាក់ កាលពីពេលថ្មីៗនេះ ដោយបានដកហូតថ្នាំជិតមួយគីឡូក្រាម ហើយជនសង្ស័យទាំងពីរនាក់បានសារភាពថា គ្រឿងញៀនទាំងនេះ ត្រូវបានទិញពីឈ្មោះ ប៊ុត លីវង្ស ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ ហើយតុលាការចេញដីកាឲ្យចាប់ខ្លួនតែម្ដងទៅ។

សូមរំលឹកថា មុនឈានដល់ការចាប់ខ្លួនមន្រ្តីនគរបាលខាងលើ គឺបន្ទាប់ពីកម្លាំងនគរបាលក្រុងសៀមរាប បានចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចមុខវត្តព្រះឥន្ទកោសីយ៍ភូមិទ្រាំង សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយដកហូតបានម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន១២កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃ ចំនួន០២គ្រឿង។ ជនសង្ស័យទាំង២នាក់ ទី១៖ឈ្មោះ ស្រឿន វីរៈ ឆ្នាំកំណើត១៩៩៣ និងទី២៖ឈ្មោះ ដួង សំអឿន ហៅម៉ាប់ ឆ្នាំកំណើត១៩៩៤៕ ប្រភព៖ ហ្វេសប៊ុក