ភ្នំពេញ៖ បើយោងតាម វេបសាយ របស់ទូរទស្សន៍ជាតិខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យ២រូប ដែលបានឆក់កាបូប ស្ត្រីជនជាតិអ៊ីរ៉ង់ ត្រូវបានឃាត់ខ្លួនហើយ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩នេះ នៅមន្ទីរសន្តិសុខខេត្តសៀមរាប នៃស្នងការដ្ឋានខេត្តសៀមរាប។
តាមការបញ្ជាក់ប្រភពព័ត៌មានខាងលើបាន ឱ្យដឹងថាហេតុការណ៍បានឡើងនៅវេលា ៦ៈ៣០នាទីព្រឹក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ ដោយស្ត្រីជនជាតិអ៊ីរ៉ង់ទាំង២នាក់ ធ្វើដំណើរតាមរ៉ឺម៉ក់ម៉ូតូកង់បី នៅតាមដងផ្លូវកូម៉ៃ ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត។ ស្ត្រីជនរងគ្រោះបានសង្កេតឃើញមានបុរសពីរនាក់ បានតាមមើលគាត់តាំងពីកន្លែងលក់សំបុត្រចូលមើលប្រាសាទមកម្ល៉េះ លុះមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែជនទាំងពីរនាក់នោះ បានធ្វើសកម្មភាព ទាញឆក់យកកាបូបរបស់នាង ធ្វើឲ្យមានការប្រទាញប្រទង់គ្នា រហូតនារីម្នាក់ធ្លាក់ពីលើម៉ូតូកង់បី បោក ទៅនឹងផ្លូវបណ្តាលឲ្យរងរបួសជាំភ្នែកខាងស្តាំ និង រលាត់ដៃជើង រីឯជនសង្ស័យក៏ដណ្ដើមយកកាបូប និងគេចខ្លួនបានដោយសុវត្ថិភាព ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច ក្រោយពីបានទទួលពាក្យបណ្តឹង និងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុមមន្ត្រីនគរបាលជំនាញ បានចុះធ្វើការស្រាវជ្រាវយ៉ាងមមាញឹក និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន ៥នាក់ ។ ក្នុងការចង្អុលបង្ហាញរបស់នារីរងគ្រោះ ក្នុងចំណោមជនសង្ស័យទាំង៥នាក់នេះ មានជនសង្ស័យ ២នាក់ ត្រូវបានឃាត់ខ្លួន នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩មកម៉្លេះ ដោយជនទាំងពីរនេះបានជិះម៉ូតូជាមួយគ្នា ។
គួររំលឹកថា កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ យោងតាមគណនីហ្វេសប៊ុករបស់ ខេមរៈ ប៊ុនណា បង្ហោះនូវវីដេអូដែលនារីជនជាតិអ៊ីរ៉ង់ម្នាក់ ជិះម៉ូតូកង់បី ត្រូវចោរឆក់នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃកើតហេតុ ប៉ុន្តែថ្ងៃកើតហេតុដែលបញ្ជាក់ពីសមត្ថកិច្ចគឺថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩៕ ប្រភព៖ ហ្វេសប៊ុក