ភ្នំពេញ៖ កាលពីម្សិលមិញនេះម៉ោងប្រមាណ ៤ល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធនឹងករណីផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក នៅក្លឹបលុចសារី ដែលបណ្តាលឲ្យនារីម្នាក់របួសភ្លៅនោះ បានចូលខ្លួនមកសារភាពហើយ បន្ទាប់ពីលោកជំទាវ ញ៉ែម មរកត ជាម្តាយ បាននាំកូនមកដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានស្គាល់ឈ្មោះថា វីន សុក្របញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាក់ការតាមនិតិវិធីច្បាប់។
សូមរំលឹកឡើងវិញថា មានករណីផ្ទុះអាវុធមួយ បានកើតឡើងកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងក្លឹបមួយឈ្មោះ «លុច្សសារី» ដែសស្ថិតនៅផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបណ្តាលឲ្យនារីរងគ្រោះម្នាក់ឈ្មោះ នឹម លីណា អាយុ២៩ឆ្នាំ មានមុខរបរលក់ដូរ រងរបួសចំភ្លៅខាងស្តាំចំនួនមួយគ្រាប់ ហើយពេលនេះ នាងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ តាមរយៈសមត្ថកិច្ចបានបញ្ជាក់ថា សង្ស័យផ្តើមចេញពីការប្រច័ណ្ឌ៕