បន្ទាប់ពី សាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមប្រតិកម្ម នាំគ្នាសើចចំអក ចំពោះការបកស្រាយលើកមុនថា នគរបាលរូបនោះ ច្រឡំដៃយក iPad របស់គេ ពោលគឺមិនមែនលួចឡើយនោះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីបំភ្លឺមួយ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ជុំវិញករណីនគរបាលស័ក្តិ៣ បានយក iPad ចេញពីកន្លែងវេរលុយមួយ នៅខណ្ឌទួលគោក នាពេលថ្មីៗនេះ។
ក្នុងនោះអ្នកនាំពាក្យ បានសរសេររៀបរាប់ក្នុងសេចក្តីបំភ្លឺរបស់ខ្លួនថា ‹‹ការបញ្ជាក់របស់ម្តាយនគរបាលស័ក្តិ៣រូបនោះ បានឲ្យដឹងថា ក្នុងអំឡុងពេលប្រហែល១ខែចុងក្រោយនេះ កូនរបស់គាត់ ហាក់ដូចជាមានអាកប្បករិយា និងសកម្មភាពចម្លែកៗជាច្រើន ដែលសង្ស័យថាអាចមានបញ្ហាខួរក្បាល››។
ដោយអាស្រ័យលើហេតុផលខាងលើ អគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់សាមីអង្គភាពឲ្យអប់រំនគរបាលរូបនោះឡើងវិញ និងប្រគល់ជូនឪពុកម្តាយ ដើម្បីយកទៅពិនិត្យព្យាបាលជំងឺ។ អ្នកនាំពាក្យ ក៏បានលើកឡើងបន្ថែមទៀតថា ‹‹ផ្អែកតាមការពិនិត្យលើស្ថានភាពគ្រួសាររបស់មន្ត្រីនគរបាលរូបនោះ ឃើញថា មានជីវភាពធូរធា ដែលពុំមានហេតុផលណាបញ្ជាក់ថា គាត់មានការខ្វះខាត រហូតដល់ប្រព្រឹត្តអំពើចោរកម្មឡើយ។ សូមបញ្ជាក់ថា ពេលនគរបាលនោះ ទៅដកប្រាក់ពីផ្ទះវេរលុយ និងយក iPad ពីផ្ទះនោះមក គឺរូបគេ ជិះរថយន្តផ្ទាល់ខ្លួនម៉ាក Range Rover››៕