ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ម៉ោងប្រមាណ ៨យប់ មានជនសង្ស័យម្នាក់ ឈ្មោះ យ័ន្ត ឆាយយុទ្ធ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ សព្វថ្ងៃស្នាក់នៅ ភូមិធំខាងត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានជិះម៉ូតូមួយគ្រឿង (ម៉ូតូ កូនទា) ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 1CT-5164 បានធ្វើដំណើរមកដល់ មុខភូមិគ្រឹះសម្តេចតេជោ ក៏ឈប់ម៉ូតូ រួចតោងឡើងរបងផ្លោះចូលក្នុងភូមិគ្រឹះតែម្តង។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច និងសណ្តាប់ធ្នាប់ខណ្ឌដែលឈរជើងនៅចំណុចក្បែរនោះ បានសហការជាមួយក្រុមកងអង្គរក្សធ្វើការអន្តរាគមន៍ ឃាត់ខ្លូនជនសង្ស័យ និងនាំមកកាន់អធិការដ្ឋានដើម្បីសាកសួរ ព្រមទាំងធ្វើតេស្តពិនិត្យរកសារធាតុញៀន ហើយជាលទ្ធផល គឺវិជ្ជមាន (មានសារធាតុញៀន)។ ជនសង្ស័យ កំពុងស្ថិតក្នុងការសាកសួរចម្លើយបន្ត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីជាបន្តទៀត៕