ភ្នំពេញ៖ វេលាម៉ោង ៩ៈ១៥នាទីព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅសំណង់ជាប់មាត់ទន្លេសាប ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង រវាងប្រពន្ធដើម និងប្រពន្ធចុង របស់បុរសជាអ្នកលក់សាច់ឆ្កែម្នាក់ ផ្ទុះកំហឹងជេរបញ្ចោរគ្នា និងយកដុំថ្មគប់គ្នាផ្អើលដល់សមត្ថកិច្ច ហៅទៅធ្វើការអប់រំ។
តាមសំដីស្ត្រីជាប្រពន្ធដើម បានរៀបរាប់ទាំងទឹកភ្នែកថា នាងបានរួមរស់ជាមួយប្តីកំហូចនេះ អស់រយ:ពេល ៥ឆ្នាំមកហើយ ដោយមិនបានរៀបការនោះទេ រហូតដល់នាងផ្ទៃពោះកូនប្រុស បាន៧ខែ ប្តីកំហូចរបស់នាង បានរត់ចោលទៅនៅរួមរស់ជាមួយស្រីថ្មី ដែលជាប្រពន្ធចុងបាត់ស្រមោលរហូតបានប្រមាណជាង១ឆ្នាំ
នៅពេលដែលកូនប្រុសសម្រាលរួច និងមានអាយុ១១ខែ ទើបប្តីកំហូចនេះ នាំប្រពន្ធចុងរួមទាំងកូនស្រីម្នាក់អាយុ២ខែ មករួមរស់ជួលផ្ទះ ក្បែរនាងជាប្រពន្ធដើម ហើយនែបនិត្យគ្នាបញ្ឈឺចិត្តរាល់ថ្ងៃ រហូតដល់នាងជាប្រពន្ធដើម ទ្រាំលែងបាន ក៏បង្ហូរទឹកភ្នែកយំ ហើយផ្ទុះកំហឹងជេរប្រមាថគ្នាទៅវិញទៅមក និងយកដុំថ្មគប់គ្នា តែមិនបង្កឲ្យរបួសនោះទេ ភ្លាមៗនោះត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ហៅមកប៉ុស្តិ៍ធ្វើការអប់រំ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បុរសជាប្តីឈ្មោះ មិន ពៅ អាយុ៣៥ឆ្នាំ ជាអ្នកលក់សាច់ឆ្កែ មានប្រពន្ធដើម ឈ្មោះ នួន វ៉ិត អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ មានកូនប្រុសម្នាក់អាយុ១១ខែ និងមានប្រពន្ធចុង ឈ្មោះ ហៃ ស្រីណាក់ អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ មានកូនស្រីម្នាក់ អាយុ២ខែ អ្នកទាំង៥ បច្ចុប្បន្នពួកគេស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕