កញ្ញាម្នាក់បានចុះពីរថយន្តស៊េរីទំនើបមួយគ្រឿងរបស់នាង រួចដើរសំដៅទៅកាន់កន្លែងលក់ដូង ហើយបានសួរពូជាអ្នកលក់ដូងថា “ពូៗៗ ដូងមួយ តម្លៃប៉ុន្មានដែរ?”
ពូលក់ដូង៖ ១ផ្លែ ២០០០រៀល ក្មួយស្រី!
កញ្ញា៖ អ៊ីចឹង ២ផ្លែ ៣០០០រៀលបានហើយពូ!!! ព្រោះខ្ញុំ មិនចាំបាច់ រកទិញកន្លែងផ្សេង….
ពូលក់ដូង៖ បាទ! អីចឹង ក្មួយស្រីយក ២ផ្លែនេះចុះ តម្លៃ៣០០០រៀល ហើយពូក៏គិតថាល្អណាស់ហើយដែរ ព្រោះ តាំងពីព្រឹកមកដល់រសៀលស្មើនេះ ពូលក់មិនទាន់បានមួយផ្លែផង
កញ្ញាម្នាក់នោះបានយួរដូងដើរចេញសំដៅទៅកាន់រថយន្តរបស់ខ្លួនវិញ ដោយអារម្មណ៍សប្បាយចិត្ត ព្រោះថាខ្លួនឯងបាន ជោគជ័យក្នុងការតថ្លៃដូង។ នាងក៏បានទៅយកមិត្តម្នាក់ទៀត ដែលកំពុងឈរចាំនៅកាច់ជ្រុងផ្សារថ្មី ដើម្បីទៅញ៉ាំអីជាមួយគ្នានៅក្បែរនោះ។ កញ្ញាម្នាក់នោះ បានហៅអ្វីៗ ដែលនាងចូលចិត្តជាច្រើនមុខ តែនាងនិងមិត្តភក្តិ បានញ៉ាំម្ហូបអាហារអស់ប្រហែលជាត្រឹម ៥០%ប៉ុណ្ណោះ ហើយនាងបានហៅម្ចាស់ហាងឱ្យគិតលុយ។
កញ្ញា៖ អូនគិតលុយ តើអស់ប៉ុន្មានដែរ?
អ្នកគិតលុយ៖ បាទបង អស់ ៤៥ដុល្លារ
កញ្ញា៖ ចា៎ នេះ ៥០ដុល្លារ ហើយមិនចាំបាច់ អាប់ទេ
ក្នុងករណីនេះ វាជារឿងមួយយ៉ាងសាមញ្ញបំផុត ចំពោះលុយ ៥ដុល្លារ សម្រាប់ម្ចាស់ហាងដែលសំបូរលុយចាយ និងមិនខ្វះអ្វីញ៉ាំនោះទេ ។ តែលុយ ១០០០រៀល វាមានសារៈសំខាន់ សម្រាប់អ្នកក្រខ្សត់ទីទាល់ក្រទាំងឡាយ តែមនុស្សមួយចំនួន បានតថ្លៃយ៉ាងស្វិតស្វាញបំផុត នៅពេលទិញអ្វីមួយពីពួកគាត់ តែបែរជាចាយយ៉ាងទូលាយ សម្រាប់ហាងធំៗទៅវិញ។
ការទិញអ្វីក៏ត្រូវតែតថ្លៃដែរ ប៉ុន្តែសម្រាប់អ្នកខ្សត់ យើងគួរបើកចិត្តទូលាយបន្តិចជាមួយពួកគាត់ ពេលដែលអ្នកទិញអ្វីមួយពីគាត់ ចូរអ្នកគិតថា វាជាអំពើ ‹‹សប្បុរសធម៌›› មួយសម្រាប់ពួកគាត់ វាក៏មិនអាចអីច្រើនដែរ ហើយគួរតែកោតសរសើរពួកគាត់ ដែលពួកគាត់មិនសម្រេចចិត្ត ដើរសុំទាន ឬ ឆក់ ប្លន់ ដើម្បីចិញ្ចឹមជីវិតខ្លួនឯង៕ ប្រភព៖ ហ្វេសប៊ុក