សៀមរាប៖ មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង បង្កការភ្ញាក់ផ្អើល ដែលហេតុនេះបានកើតឡើងនៅក្នុងភូមិ ភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្ត សៀមរាប នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង៤០ នាទី។ បើតាមដំណើររឿង ប្រពន្ធឈ្មោះ ជុំ វឿង អាយុ៤០ឆ្នាំ បានហៅប្តីឈ្មោះ លី លាប អាយុ៣៨ឆ្នាំ ញ៉ាំបាយ ដែលកំពុងដេកលើគ្រែក្រោមផ្ទះ តែហៅម្តងជាពីរដង នៅតែមិនព្រមងើប ទើបឈានដល់ការប្រើអំពើហិង្សា ប្រតាយប្រតប់គ្នា ស្រាប់តែពេលនោះប្តីបានខាំត្រចៀកប្រពន្ធ បណ្តាលឱ្យរងរបួសដាច់រលាត់ត្រចៀកផ្នែកខាងស្តាំ ខណៈនោះប្រពន្ធខឹងខ្លាំងក៏បានស្ទុះខាំលិង្គប្តីវិញ បណ្តាលអោយប្តីរងរបួសដាច់ស្បែកពងស្វាសផ្នែកខាងស្តាំ។
គួរបញ្ជាក់ថា ប្ដី និងប្រពន្ធ (ស្ត្រីមេម៉ាយ)ទាំងពីរនាក់នេះ បានគ្នាជាប្តីប្រពន្ធ ក្នុងកំឡុងឆ្នាំ២០១៤ មិនបានរៀបការទេ គ្រាន់តែសែនព្រេនបន្តិចបន្តួច ហើយមិនមានកូនទេ ប៉ុន្តែប្រពន្ធមានកូនជាមួយប្តីដើម ចំនួន ៣នាក់ កូនស្រីម្នាក់។
ហើយមូលហេតុចំបងនោះ គឹទាំងប្ដីទាំងប្រពន្ធកំពុងស្រវឹងស្រា។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ហើយករណីនេះពុំមានការប្តឹងផ្ដល់គ្នាឡើយ៕