ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង ៨ៈ៣០នាទីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើង ដោយមន្ត្រីយោធាម្នាក់បានបាញ់ចំនួន ៤គ្រាប់ចូលក្នុងហាងខារ៉ាអូខេ B Gold ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីផឹកស្រាស្រវឹង ហើយខណៈនេះ ជនសង្ស័យ កំពុងត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកណ្តាល កំពុងតែតាមចាប់ខ្លួន។
ជនសង្ស័យត្រូវបានស្គាល់ឈ្មោះថា សាន សុច ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធា ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកឯ វត្ថុតាងមួយចំនួនត្រូវបានសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុរួមមាន៖
- ស្រោមកាំភ្លើង ពណ៌ខ្មៅចំនួន ១
- សោរ ម៉ូតូ១ចង្កោម (កូនសោរម៉ូតូ១ កូនសោរថយន្ត១ តេឡេរថយន្ត១)
- គ្រាប់កាំភ្លើងខ្លី ម៉ាកឡុកចំនួន៤ បាញ់ផ្ទុះអស់ ៣គ្រាប់ (លេខ A-USA 9MM-LUGER)
តាមរយៈសមត្ថកិច្ចបានឱ្យដឹងថា ដំណើររឿងនៅមុនពេលកើតហេតុ ជនសង្ស័យខាងលើ បានជិះម៉ូតូ C-125 ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងការ៉ាអូខេហើយក្អាកក្អាយ នៅហាង ប៊ី ហ្គោល (B Gold) នៅបន្ទប់លេខ 888 ជាមួយមិត្តភក្តិ ជាប្រុស២នាក់ផ្សេងទៀត តែមិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នា ហើយគេឃើញជនសង្ស័យ បានដើរចេញមកក្រៅហាង ហើយចាក់កែបម៉ូតូ យកកាំភ្លើងខ្លី ម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងចំនួន៤គ្រាប់ ដោយផ្ទុះអស់ ៣គ្រាប់ ហើយស្រែកថា អញឈ្មោះ អាសុច អាណាខ្លាំងចេញមក អញបាញ់ឲ្យងាប់!! រួចហើយជិះម៉ូតូតាមផ្លូវលេខ១១៥ ទៅទិសខាងលិចបាញ់ឡើងលើ១គ្រាប់ទៀត រួចក៏ជិះគេចខ្លួនបាត់ទៅ។
ចំពោះ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់មន្ត្រីយោធាខាងលើ យកមកអនុវត្តតាមផ្លូវច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
វីដេអូពេលកើតហេតុ៖