ថៃ៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ យ៉ាងហោចណាស់ក៏មានហាងចំនួន ១០០ នៅផ្សារ Chatuchak ដ៏ល្បីនៅទីក្រុងបាងកក (Chatuchak Weekend Market) ឬហៅថា JJ បានឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់នាយកដ្ឋានអគ្គីភ័យ និងសង្គ្រោះ នៅក្រុងបាងកកបាននិយាយថា អគ្គីភ័យឆាបឆេះចេញពីហាងមួយនៅម្ដុំច្រកទ្វារលេខ ១ របស់ផ្សារ នៅម៉ោងប្រមាណ ៩ៈ៣០នាទី យប់ តេទោះជាយ៉ាងណាអគ្គីភ័យ ស្ថិតនៅក្រោមការគ្រប់គ្រងនៅម៉ោង ១០យប់ ថ្ងៃដដែល។
យោងតាមកាសែត Bangkok Post បានអះអាងថា មានមនុស្ស ២នាក់ បានរងរបួស ប៉ុន្តែប៉ូលីសថៃ នៅព្រឹកនេះនិយាយថា មិនមានអ្នករងរបួសឡើយ។ បើយោងតាមគេហទំព័ររបស់ផ្សារនេះ បានឱ្យដឹងថា ច្រកទ្វារលេខ ១ របស់ផ្សារភាគច្រើនជាតូបលក់សៀវភៅ និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងហាងលក់ម្ហូបអាហារ និងហាងកាហ្វេផងដែរ។ កាសែតក្នុងស្រុកបានបញ្ជាក់ថា មានហាងច្រើន ១០០ ត្រូវបានខូចខាត។
បើយោងតាមសមត្ថកិច្ច បានចេញសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃច័ន្ទនេះថា មូលហេតុនៃអគ្គីភ័យនេះ កើតចេញពីការផ្ទុះម៉ាស៊ីនបម្លែងអគ្គិសនី ហើយពេលខាងអគ្គីសនីកំពុងធ្វើការស៊ើបអង្កេតនៅឡើយ។
គួរឱ្យដឹងផងដែរថា ផ្សារ Chatuchak ត្រូវបានគេហៅឈ្មោះក្រៅថា ផ្សារ JJ ដែលជាផ្សារធំបំផុតនៅក្នុងប្រទេសថៃដោយមានស្តង់លក់ច្រើនជាង ១៥,០០០ កន្លែង ហើយក៏ជារមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមបំផុតនៅបាងកក ដោយហាងលក់សៀវភៅ សំលៀកបំពាក់ គ្រឿងអលង្ការ ម្ហូបអាហារ គ្រឿងសំអាង វត្ថុបុរាណ និងរុក្ខជាតិ៕ ប្រភព៖ channelnewsasia