ភ្នំពេញ៖ ហេតុការណ៍មួយបានកើតឡើងកាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងបុរសជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើប បុករ៉ឺម៉កកង់បី បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ អ្វីដែលបង្កការភ្ញាក់ផ្អើលខ្លាំងនោះ ក្រោយពីសមត្ថកិច្ចចុះធ្វើការឆែកឆេរ បែរជារកឃើញគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាមឯណោះ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក LEXUS RX-350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-4332 បើកបរដោយជនជាតិចិន ឈ្មោះ អៅ មីង អាយុ៣០ឆ្នាំ បានទៅបុករ៉ឺម៉កកង់បីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយក៏ព្យាយាមបើករត់គេច ប៉ុន្តែភ្លាមៗនោះ កម្លាំងសមត្ថកិច្ច
បានដេញឃាត់ខ្លួនជនបង្ករូបនេះភ្លាមៗផងដែរ និងធ្វើការត្រួតពិនិត្យ ឃើញនៅក្នុងរថយន្តរបស់ជនបង្កហេតុមានកាបូបមួយ ដែលនៅក្នុងកាបូបនោះមានកញ្ចប់កាហ្វេចំនួន ៦ដុំ។ ដោយសារមានការសង្ស័យ សមត្ថកិច្ចបានហែកមើល ស្រាប់តែឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោចច្រើនគ្រាប់
សង្ស័យថាជាសារធាតុញៀន ទើបសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត ហើយជាលទ្ធផល បានបង្ហាញថា វាពិតជាថ្នាំញៀនប្រភេទ M.A / M.D (អិចស្រ្តាស៊ី) ថ្នាំគ្រវី រួចក៏ទៅបន្តធ្វើការឆែកឆេរដល់ផ្ទះជនសង្ស័យក្នុងខណ្ឌច្បារអំពៅ សរុបរួម គឺដកហូតថ្នាំញៀន ប្រភេទអិចស្តាស៊ី ចំនួន ១១,៦៨០គ្រាប់ ទម្ងន់ជាង៦គីឡូក្រាម បញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការតាមនិតិវិធីច្បាប់ជាបន្តទៀត៕