ក្រុមហ៊ុន Apple ប្រកាសជាផ្លូវការនូវ iOS 13 ដែលមានមុខងារថ្មីៗជាច្រើន ជាពិសេសមុខងារ Dark Mode

0
1045
Loading...

ក្រុមហ៊ុន Apple បានបង្ហាញជាផ្លូវការនូវ iOS 13 ដែលជាការធ្វើឱ្យទាន់សម័យ នៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តសម្រាប់ iPhone និង iPod touch របស់ខ្លួន ដែលនាំមកនូវមុខងារ Dark Mode ក៏ដូចជា វិធីថ្មីក្នុងការស្វែងរក និងកែរូបថត ហើយបានកែថ្មីក្នុងកម្មវិធី Safari ព្រមទាំងផែនទី រួមជាមួយកម្មវិធីថ្មីៗជាច្រើនទៀត។

ប្រព័ន្ធប្រតិត្តិការ iOS 13 នឹងដើរលឿនជាងជំនាន់មុនៗគ្រប់ឧបករណ៍ដែលអាចតម្លើងវា ហើយវាត្រូវបានរចនាឡើងក្នុងការកាត់បន្ថយទំហំនៃការទាញយកកម្មវិធី ដែលនាំឲ្យការទាញយកកម្មវិធីបានលឿនជាងមុន។

មុខងារ Dark Mode: ជាមុនងាថ្មី ដែលទទួលបានការចំណាប់អារម្មណ៍ខ្លាំងជាងគេ

មុខងារ Dark Mode ថ្មីរបស់ iPhone វាបង្កើតឡើងដើម្បីកែប្រែពណ៌អេក្រង់ទៅជាពណ៌ខ្មៅងងឹង រួមទាំងកម្មវិធីផ្សេងៗផងដែរ ហើយពេលនេះក្រុមហ៊ុនបានដាក់កូដ ដើម្បីឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីទាំងអស់ ផ្លាស់ប្ដូរកម្មវិធីរបស់ខ្លួនឲ្យគាំទ្រមុខងារថ្មីនេះ។ ម៉្យាងទៀតគឺដើម្បីបង្កភាពងាយស្រួលឱ្យភ្នែករបស់យើងមើលអេក្រង់ iPhone នៅពេលយប់ ជួយការពារភ្នែកពីពន្លឺខ្លាំង ហើយមុខងារ Dark Mode នឹងដាក់នៅក្នុង Control Center ងាយស្រួលបើកឬបិទ មិនតែប៉ុណ្ណោះវានឹងធ្វើការផ្លាស់ប្ដូរទៅ Dark Mode ដោយស្វ័យប្រវត្តិនៅពេលយប់។

ភាពងាយស្រួលនៃការស្វែងរករូបភាព និងមុខងារកែច្នៃរូបភាព បែបថ្មី

នៅក្នុងជំនាន់ថ្មីនេះដែរ ក៏មានការកែប្រែការស្វែងរករូបថតកាន់តែងាយស្រួលជាង ដោយបានបញ្ជាក់ច្បាស់ពីថ្ងៃ ខែ ឆ្នាំ ។

សម្រាប់ការកែរូបថត នៅតែមានភាពងាយស្រួលក្នុងការកែ ដោយគ្រាន់តែប្រើម្រាមដៃទាញឡើងចុះ ដើម្បីផ្លាស់ប្តូរអាំងតង់ស៊ីតេនៃពន្លឺ បន្ថែមមុខងារ monochromatic សម្រាប់ថតរូប Portrait ព្រមមុខងារជួយផ្សេងទៀតដូចជា ធ្វើឱ្យសាច់រលោង ម៉ត់ filter ជាដើម។

ភាពឯកជន និងសន្តិសុខ នៅលើទូរស័ព្ទ

វិធីសាមញ្ញដើម្បីចូលទៅកម្មវិធី និងគេហទំព័រដែលគោរពភាពឯកជនរបស់អ្នក។ កម្មវិធីថ្មីនេះជំនួសឲ្យការប្រើប្រាស់នៃការបំពេញទំរង់ដើម្បីចូលទៅក្នុងគណនីដោយផ្ទាល់ដូចជា គណនីសង្គម ឬការបំពេញទំរង់នៃអាស័យដ្ឋានអ៊ីមែល ដោយការគ្រាន់តែអ្នកបញ្ចូលលេខសម្ងាត់ Apple ID នោះ វានឹងត្រូវបានផ្ទៀងផ្ទាកគណនីនៃកម្មវិធីរបស់អ្នក ហើយគណនីផ្សេងៗរបស់អ្នកត្រូវបានការពារ និងប្រកបដោយសុវត្ថិភាព។ ក្រុមហ៊ុន Apple នឹងរក្សាព័ត៌មានសម្រាត់របស់អ្នកជាលក្ខណៈឯកជន បើទោះបីជាមានការស្នើរសុំពីអ្នកអភិវឌ្ឍន៍កម្មវិធីក៏មិនអាចទៅរួចដែរ ដោយវាតម្រូវក្នុងការសុំការអនុញ្ញាត់ពីអ្នកជាមុន ហើយគ្រប់ការអនុញ្ញាតិទាំងឡាយណាដែលគ្មានសុវត្ថិភាព Apple នឹងចេញការព្រមានដល់អ្នកជាមុន។

បទពិសោធន៍ នៃការផ្លាស់ប្ដូរថ្មីទាំងស្រុងរបស់កម្មវិធីផែនទី

ផែនទីរបស់ Apple ត្រូវបានរចនាថ្មី និងបានបន្ថែមនូវផ្លូវជាច្រើនដែលមិនធ្លាប់មានពីមុនមកដូចជា ផ្លូវសម្រាប់រថយន្ត ម៉ូតូ ឬផ្លូវសម្រាប់អ្នកថ្មើរជើង ហើយថែមទាំងបានរួមបញ្ចូលនូវផែនទីថ្មី នៃទីក្រុងជាច្រើនដែលផែនទីនេះនឹដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ ២០១៩ និងត្រូវបន្ថែមផែនទីសម្រាប់ប្រទេសជាច្រើនទៀតនៅឆ្នាំ ២០២០។ ផែនទីថ្មីនេះនឹងផ្លាស់ប្ដូរទាំងស្រុងនូវការរចនា ហើយថែមទាំងបន្ថែមនូវមុខងារ 3D ដែលវាហាក់ដូចជា រូបភាពពិតៗ។

បន្ថែមមុខងារថ្មីៗ

  • កម្មវិធី Reminders ត្រូវបានផ្លាស់ប្ដូរូបរាងថ្មីទាំងស្រុង និងកាន់តែឆ្លាតវៃជាងមុន ក្នុងការតាមដាននូវព្រឹត្តិការណ៍ ព្រមទាំងឯកសារចាំបាច់ទាំងឡាយដែលអ្នកត្រូវធ្វើ។

  • Message និង Emoji៖ ក្នុងជំនាន់ថ្មីនេះ មានបន្ថែម Memoji ឬ Animoji ប្រភេទ ពិតជាទាក់ទាញខ្លាំងណាស់ ដែលត្រូវបានបញ្ចូលនៅក្នុងក្ដារចុច មិនតែប៉ុណ្ណោះលោកអ្នកអាចគ្រប់គ្រងរបៀបដែលមិត្តភក្ដិរបស់អ្នកឃើញអ្នក ដោយជ្រើសរើសឈ្មោះ រូបថត ឬសូម្បីតែ Memoji ដែលពួកគេនឹងឃើញនៅពេលអ្នកទាក់ទងពួកគេ។

  • Siri មានសំលេងថ្មី ហើយ Siri Shortcuts ឥឡូវនេះគាំទ្រការផ្ដល់យោបល់ ដោយស្វ័យប្រវត្តិ ដូចជា ការធ្វើដំណើរ ឬការហាត់ប្រាណ។

នៅក្នុង iOS 13 មិនត្រឹមតែបន្ថែមមុខងារ និងកម្មវិធីថ្មីៗនោះទេ Apple បានអនុញ្ញាតិឱ្យយើងបញ្ជូលពុម្ភអក្សរថ្មីដោយខ្លួនឯងថែមទៀតផង ប៉ុន្តែគួរឱ្យសោកស្ដាយព្រោះថា iPhone ដែលអាចតម្លើងទៅ iOS 13 នេះបានគឺរាប់ចាប់ពី iPhone 6s ឬ iPhone 6s plus ឡើងទៅ៕