រុស្ស៊ី៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik កាលពីយប់ថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 មួយគ្រឿង ដែលមានគោលដៅឆ្ពោះទៅកាន់ទីក្រុងប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ បានធ្វើការត្រឡប់មកវិញ ដើម្បីចុះចតយ៉ាងបន្ទាន់នៅទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៊ី ក្រោយពីមានសេចក្តីរាយការណ៍ថា មានបញ្ហាផ្នែកបច្ចេកទេស។ ។
ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ភាពជាក់លាក់ នៃបញ្ហាផ្នែកបច្ចេកទេសយន្តហោះខាងលើនេះឡើយ ប៉ុន្តែហេតុការណ៍ថ្មីនេះបានកើតមានឡើងបន្ទាប់ពី អាជ្ញាធរអាកាសចរណ៍ស៊ីវិលអាមេរិក FAA បានប្រកាសថា ត្រកូលយន្តហោះ Boeing 737 MAX ទាំងអស់ទំនងជាត្រូវបានផលិតឡើង ដោយមានបញ្ហាមួយចំនួនផ្នែកបច្ចេកទេស ប៉ុន្តែ FAA មិនទាន់អាចបញ្ជាក់ថា វាអាចជាមូលហេតុដែលបង្កឲ្យយន្តហោះអេត្យូពី និងឥណ្ឌូណេស៊ីធ្លាក់នោះឡើយ។ គួរឱ្យដឹងថា យន្តហោះខាងលើនេះ មានផ្ទុកមនុស្សជិះនៅលើនោះសរុប ១០១នាក់ បានធ្វើការចុះចតនៅព្រលានយន្តហោះ Vnukovo ស្ថិតនៅជាយទីក្រុងម៉ូស្គូ៕