ព្រះសីហនុ៖ នៅវេលាម៉ោង ១២និង២០នាទីឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរារណ៍រវាងរថយន្តធុនធំ ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ លើផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ ១៥៣-១៥៤ ក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
តាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក Daewoo ព៌ណស ស្លាកលេខ ព្រះសីហនុ 3A-3707 ធ្វើដំណើរក្នុងទៅដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុក៏បុកជាមួយរថយន្តម៉ាក Hino ប្រភេទសណ្តោង ព៌ណស ធ្នូតខៀវ ស្លាកលេខ ភ្នំពេញ 3C-7718 ចតលើចិញ្ចើមផ្លូវបញ្ច្រាស់ទិសដៅគ្នា បណ្ដាលឲ្យអ្នកបើកបរទាំងពីររងរបួសមធ្យម និងបញ្ជូនទៅព្យាបាលនៅមន្ទីរពទ្យ។
ក្រោយកើតហេតុកម្លាំងអាវុធ សហការជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់សីលា នៅការពារកន្លែងកើតហេតុ និងរង់ចាំរថយន្តស្ទូច ស្ទូចរថយន្តគ្រោះថ្នាក់ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ព្រមទាំងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕