កាចម៉េស! ជនជាតិចិន ខឹងគេដើរប៉ះ ទាញកូនកាំបិតពីក្នុងហោប៉ៅ ចាក់ជាច្រើនកាំបិត​ បណ្ដាលឱ្យរងរបួសធ្ងន់

0
2498
Loading...

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ​ខែមិថុនា ឆ្នាំ​២០១៩កន្លងទៅនេះ មានហេតុការណ៍ហិង្សាមួយបានកើតឡើង នៅមុខ​ស្ថានទូតចិន ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទួល​ទំពូង២ ខណ្ឌ​ចំការមន មាន​បុរសជន​ជាតិចិន ​២នាក់ បាន​យក​កាំបិត​ចាក់ ចិនម្នាក់ផ្សេងទៀតបណ្តាល​អោយ​របួស ហើយត្រូវ​សមត្ថកិច្ច ដឹក​យកទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ ។

ជនសង្ស័យទាំង៣នាក់ មាន៖

  • ទី១ ឈ្មោះ HAN DONG (ជន​ដៃ​ដល់) ភេទ​ប្រុស អាយុ​៣៧ឆ្នាំ មកពីខេត្តជាំងស៊ូ​ ប្រទេស​ចិន​
  • ទី២. ឈ្មោះ Yan Shi Chao (ជន​ដៃ​ដល់) ភេទ​ប្រុស ​អាយុ ៣៧ឆ្នាំ ហៅ​អាម៉ាប់​ (​​រត់គេចខ្លួន) មកពីខេត្តជាំងស៊ូ​ ប្រទេស​ចិន​
  • ទី៣ បក្ខ​ពួក​ឈ្មោះ Yan Xiao Er ភេទ​ប្រុស អាយុ ៣៧ឆ្នាំ មកពីខេត្តជាំងស៊ូ​ ប្រទេស​ចិន

តាមរយៈសាក្សី​ ដែល​បានឃើញ​ហេតុការណ៍​ ប្រាប់ឱ្យដឹងថា គេឃើញ​មានជន​ជាតិចិន​ចំនួន ៣នាក់​ជាបក្ខពួកនឹងគ្នា បានដើរ​នៅមុខ​ស្ថាន​ទូត​រង់ចាំ​ចូល​ស្ថានទូតចិន តែក៏មាន​បុរស​ជនជាតិចិនម្នាក់ទៀត ជាជនរង​គ្រោះ​ បាន​ដើរប៉ះ​គ្នាតិច​តួចជាមួយជនបង្ក ស្រាប់​តែ​ជន​ដៃដល់ បាន​ដក​កូន​កាំបិត​ពីហោប៉ៅ ចាក់​ទៅ​លើជន​រងគ្រោះ​បណ្ដាល​ដួល​រងរបួសធ្ងន់ ហើយភ្លាមៗ​ជនបង្កក៏​បានរត់​ចេញពី​កន្លែង​កើត​ហេតុ​ផងដែរ រីឯជនរង​គ្រោះ​ ត្រូវបាន​សមត្ថកិច្ច​ដឹកទៅ​សង្រ្គោះ​ នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀតដើម្បីព្យាបាល​របួស។

ជនជាតិ​ចិន​ចំនួន២នាក់ដែលត្រូវបានចាប់ខ្លួន ​បាន​ឆ្លើយសារភាព​ថា ខ្លួនមាន​បក្ខ​ពួកទាំងអស់ ​៣នាក់ ហើយម្នាក់​ដែលមានឈ្មោះ Yan Xiao Er ភេទប្រុស​ អាយុ ​៣៧ឆ្នាំ នៅខេត្ត​ជាំងស៊ូ ប្រទេសចិន​ មិនបាន​ចូលរួមចាក់ជនរងគ្រោះនោះទេ ហើយជន​ដៃដល់ម្នាក់ទៀតឈ្មោះ Yan Shi Chao ហៅ​អាម៉ាប់​ អាយុ ៤២ឆ្នាំ​ ដែល​បានរត់គេចខ្លួនបាត់ស្រមោលនោះ គឺ​ចូលរួម​ចាក់​ជនរងគ្រោះ​ដែរ។ ​មូលហេតុគឺដោយសារទំនាស់ ជាមួយបុរស​ជនរងគ្រោះ​ បានដើរទៅ​បុកមិត្តភ័ក្រ្ត​ខ្លួន ទើបខឹង​ក៏ដក​កូនកាំបិត​ចាក់តែម្ដងទៅ ​រួចក៏នាំគ្នាចែក​គ្នារត់​ តែរត់​ដល់ផ្លូវ១៧៣ សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន ត្រូវបានសមត្ថកិច្ច​ឃាត់បាន​តែម្ដង​៕ប្រភព៖ ហ្វេសប៊ុក