ករណីឆបោកតាមទូរស័ព្ទ ថាត្រូវរង្វាន់កញ្ចេះកញ្ចោះបានកើតឡើងជាញឹកញាប់កាលពីឆ្នាំមុន ដែលប្រជាពលរដ្ឋជាច្រើនបានចាញ់បោកជាច្រើននាក់ ព្រមទាំងមានឃើញចុះនៅក្នុងសារព័ត៌មាន និងចែករំលែកតាមបណ្ដាញសង្គមថែមទៀតផង ប៉ុន្តែនៅតែមានអ្នកចាញ់កលរបស់ពួកបាតសង្គមដដែរ ព្រោះឆាប់ជឿទុកចិត្តគេពេក ខ្វះការពិចារណាឲ្យបានវែងឆ្ងាយ ប៉ុន្តែករណីមួយនេះ បានបាត់មួយរយៈធំ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋបានយល់។
ជាអកុសល ស្រាប់តែរឿងឆបោកនេះ បានកើតឡើងជាថ្មី ដោយមានប្តីប្រពន្ធ២នាក់ ត្រូវបានចាញ់បោកជន មិនស្គាល់មុខអស់ទឹកប្រាក់ចំនួន ១៨លានរៀល (ខ្ទង់ ៤៥០០ដុល្លារ)ឯណោះ បន្ទាប់ពីជនឆបោកនោះ ប្រាប់ពួកគាត់ថា ត្រូវរង្វាន់ធំចំនួន ៣លានដុល្លារ និងត្រាក់ទ័រចំនួន ១គ្រឿងថែមទៀតផង ។
នៅលើបណ្ដាញសង្កមហ្វេសប៊ុក តាមរយៈគណនីឈ្មោះ Srey Soeun បានបង្ហោះសារពីករណីប្ដីប្រពន្ធទាំងពីរនាក់នេះ ដោយបានរៀបរាប់ថា៖ ‹‹ក្នុងនាមខ្ញុំជាភ្នាក់ងារវីង សុំចូលរួមសោកស្តាយផងចំពោះបងប្រុស និងបងស្រី គាត់បានចាញ់បោកពួកបាតសង្គមនៅទឹកប្រាក់ចំនួន១៨០០០០០០ រៀល (១៨លានរៀល) វាប្រាប់ថាគាត់ត្រូវរង្វាន់៣លានដុល្លា និងត្រាក់ទរ័មួយគ្រឿង វាជារឿងដដែលៗមិនគួរកើត តែនៅតែអាចកើតទៅបាន ដោយសារខ្វះការពិចារណា ដូចនេះខ្ញុំសូមផ្តាំទៅប្រជាជនគ្រប់គ្នា កុំអោយមានករណីនេះកើតឡើងទៀត រឿងរង្វាន់មិនមែនត្រូវងាយៗអត់ហេតុផលនោះទេ››។
គួរបញ្ជាក់ផងដែរថា ជនឆបោកបានហាមមិនឲ្យជនរងគ្រោះប្រាប់ទៅអ្នកណាឲ្យដឹងនោះទេ សូម្បីតែភ្ញាក់ងារវីងហើយលុយចំនួន ១៨លានរៀលដែលវេរនេះ គឺដើម្បីរត់ការបើកប្រាក់រង្វាន់ តែពេលវេរលុយរួចហើយរំលងបាន២ថ្ងៃ ជនរងគ្រោះ បានទូរស័ព្ទទៅលែងលើក ទើបទាំង២នាក់ប្តីប្រពន្ធ បានមកបើកលុយនៅវីងវិញ ទើបបង្កការភ្ញាក់ផ្អើលថាចាញ់បោកគេ។ ចំណែកភ្នាក់ងារវេរលុយក៏ធ្លាប់សួរខ្លះៗដែរ តែត្រូវជនរងគ្រោះខឹងថា កុំឲ្យចង់ដឹងរឿងគាត់ ដែលថ្ងៃខ្លះថាវេរឲ្យបងប្អូន ហើយថ្ងៃខ្លះថាវេរផ្ញើរគេទិញរបស់របរ ។ ប្ដីប្រពន្ធ២នាក់ខាងលើនេះ រស់នៅខេត្តឧត្ដរមានជ័យ។
ដូច្នេះវាជាសារដាស់តឿនជាថ្មីម្ដងទៀត សូមមេត្តាពិចារណាអោយបានល្អិតល្អន់មុនហើយជឿលើអ្វីមួយ។ នៅលើលោកនេះគ្មានអ្វីដែលបានមក ដោយងាយៗគ្មានខំប្រឹងប្រែងនោះទេ៕ ប្រភព៖ ហ្វេសប៊ុក