ខេត្តព្រៃវែង៖ តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងស្រីជំទង់ម្នាក់ ត្រូវបានឆក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈពេលនាងកំពុងគេងលេងទូរស័ព្ទ ដែលកំពុងសាកថ្ម ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៩ៈព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិក្បាលបឹង ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ។
តាមប្រភពព័ត៌មានដដែលបានបន្តទៀតថា ក្មេងស្រីរងគ្រោះខាងលើនេះ មានឈ្មោះថា ធី ស្រីពេជ្រ អាយុ ១៧ឆ្នាំ ប្រើប្រាស់ទូរស័ព្ទម៉ាក iPhone ។ នៅមុនពេលកើតហេតុ គេឃើញនាងគេងលេងនៅលើគ្រែ ហើយដៃនាងកាន់ទូរស័ព្ទលេង ដែលកំពុងតែបញ្ចូលថ្ម ជាមួយនឹងដុយភ្លើង លុះមួយសន្ទុះក្រោយមក ស្រាប់តែឆ្លងចរន្តអគ្គិសនីបណ្តាលនាងឱ្យឆក់ភ្លាមៗតែម្ដង ដោយគ្មាននរណាអាចជួយនាងទាន់ឡើយ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ សាកសព និងប្រគល់ជូលក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
នេះជាសារដាស់តឿនមួយ សូមជួយចែករំលែកដល់អ្នកដែលចូលចិត្តប្រើទូរស័ព្ទពេលកំពុងសាក សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ពិសេសនៅពេលដៃ ឬខ្លួនកំពុងសើម៕