វៀតណាម៖ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ បានបង្ហាញការសោកស្ដាយ ចំពោះការលើកឡើងរបស់មេដឹកនាំ សិង្ហបុរី ដែលធ្វើឡើងអំឡុងពេល កិច្ចសន្ទនាសន្តិសុខ Shangri-La និងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ។ ការលើកឡើងថា វៀតណាមឈ្លានពានកម្ពុជា ពីសំណាក់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ធ្វើឲ្យទីក្រុង ហាណូយ ខកចិត្តយ៉ាងខ្លាំង ។ ក្នុងនោះវៀតណាម ចាត់ទុកសម្ដីលោក លី ថាមិនបានឆ្លុះបញ្ចាំងការពិតនោះឡើយ ។
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ តាមរយៈទំព័រហ្វេសប៊ុករបស់ នាយករដ្ឋមន្ត្រី សិង្ហបុរី លោក លី សៀនឡុង បានសរសេររំលែក មរណទុក្ខ និងបង្ហាញការស្ងើចសរសើរ ភាពជាអ្នកដឹកនាំរបស់លោក ព្រេម ទីនស៊ូឡានុនដា ដែលជាអតីតនាយករដ្ឋមន្ត្រីថៃ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និងជាអតីតទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រថៃ ដែលទើបបានទទួលមរណភាព កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ។
ប៉ុន្តែលោក លី ក៏បាននិយាយពីព្រឹត្តការណ៍ប្រវត្តិសាស្ត្រ ដែលកើតឡើងមកលើកម្ពុជា តែពាក់ព័ន្ធវៀតណាមផងដែរថា៖ ‹‹ក្នុងអំឡុងពេលដែលលោក ព្រេម ទីនស៊ូឡានុនដា ធ្វើជានាយករដ្ឋមន្ត្រីថៃនោះ វាក៏ជាពេលដែលសមាជិកអាស៊ានទាំង៥ នៅពេលនោះបានប្រឆាំងនឹងការឈ្លានពានរបស់វៀតណាម មកលើកម្ពុជា និងរដ្ឋាភិបាលកម្ពុជា (ពេលនោះ) ដែលមកជំនួសលើរបបខ្មែរក្រហម ។
រីឯប្រទេសថៃ បានប្រឈមនឹងកងទ័ពវៀតណាម នៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយកម្ពុជា ។ លោកឧត្តមសេនីយ៍ ព្រេម បានសម្រេចចិត្តយ៉ាងមុតមាំ ដោយមិនទទួលយកអ្វីដែលកំពុងកើតឡើងនោះ ហើយបានធ្វើការ ជាមួយដៃគូក្នុងអាស៊ាន ដើម្បីប្រឆាំងវៀតណាមនៅតាមវេទិកាអន្តរជាតិនានា» ទាំងនេះជាសាររបស់លោក លី ។
សំណេរខាងលើនេះ បានបន្ថែមពីលើ ការនិយាយលើបញ្ហាដូចគ្នាអំឡុងពេលកិច្ចសន្ទនា Shangri-La កាលពីសប្ដាហ៍មុន ធ្វើឲ្យវៀតណាមចេញមកប្រតិកម្ម ។
អ្នកស្រី Le Thi Thu hang ដែលជាអ្នកនាំពាក្យ ក្រសួងការបរទេស វៀតណាម បានសរសេរលើបណ្ដាញសង្គម Twitter ថា៖ ‹‹វៀតណាម មានការសោកស្ដាយ ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រី សិង្ហបុរី លី សៀនឡុង នាកិច្ចប្រជុំ Shangri-La និង នៅលើហ្វេសប៊ុក ដែលមិនបានឆ្លុះបញ្ចាំងពីការសច្ចភាពប្រវត្តិសាស្ត្រ ហើយបង្កឲ្យមានផលប៉ះពាល់ អវិជ្ជមាន ក្នុងចំណោមសាធារណមតិ››។
មន្ត្រីដដែលរូបនេះបានបន្តថា ក្នុងនាមជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាន ប្រទេសវៀតណាម បាននឹងបន្តធ្វើការជាមួយសមាជិកដទៃទៀត ដើម្បីកសាងសហគមន៍អាស៊ានដ៏រឹងមាំមួយប្រកបដោយការរួបរួម និងសាមគ្គីភាព ហើយដើរតួនាទីស្នូលនៅក្នុងតំបន់ផងដែរ៕ ប្រភព៖ ថ្មីថ្មី